ព្រះសីហនុ៖ ចិន បានមកវិនិយោគរោងចក្រផលិតសំបកកង់រថយន្ត តម្លៃ៣០០ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគរួមគ្នាដោយចិន និងកម្ពុជាដែល បច្ចុប្បន្នមានសហគ្រាសចំនួន១៧៥ មកពីប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតការងារបានជិត ៣០,០០០។

រោងចក្រនេះ មានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០ ០០០គ្រឿង នាំចេញជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន ២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង ហើយមាន ០៤ទីតាំង កំពុងដំណើរការ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រសិទ្ធនាមជា តារារះនាទិសនិរតី ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

រោងចក្រសំបកកង់ ដែលវិនិយោគដោយចិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)នេះ បានបើកដំណើរការហើយ បន្ទាប់ពីបានសាងសង់អស់រយៈពេលជាងមួយឆ្នាំ។
លោក Gu Cui ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានលើកឡើងថា ការផលិតចេញសំបកកង់រថយន្តលើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១នៅក្នុងប្រទេសថៃ នឹងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។ ក្រុមហ៊ុន ផលិតសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន ហើយនៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងគាំទ្រអ្នកវិនិយោគចិន ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដែលរដ្ឋបាលខេត្តនឹងជួយសម្រួលដល់វិនិយោគិន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដោយការលើកទឹកចិត្តដល់ការនាំចូលសម្ភារសាងសង់ដោយឥតបង់ពន្ធ និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់ ដែលមកវិនិយោគនៅកម្ពុជា៕