ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេន បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាទៅអនាគត បានទាមទារឱ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Dialy) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក រកភស្តុតាងមកបង្ហាញ ឱ្យឃើញធ្វើជាជាអំណះអំណាងសម្រាប់ការផ្សាយរបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់ថា លោកបណ្ឌិត ជាមេឈ្មួញរកស៊ីឈើខុសច្បាប់នៅកម្ពុជា។
ប្រតិកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ខេមបូឌា ដេលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ បានសរសេរអត្ថបទមួយមានចំណងជើងថា «សារព័ត៌មានអន្តរជាតិលាតត្រដាង ពីបណ្ដាញរកស៊ី ឈើខុសច្បាប់របស់ឯកឧត្តម ហ៊ុន ម៉ាណែត»។

ក្នុងអត្ថបទនេះ សារព័ត៌មាន ខេមបូឌា ដេលី បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន អន្តរជាតិ ម៉ុងហ្គាបាយ (Monga bay) មានមូលដ្ឋាននៅអង់គ្លេស សរសេរដោយអតីតអ្នកសារព័ត៌មាន នៅវីអូឌី។ ក្នុងការផ្សាយនោះ ម៉ុងហ្គាបាយ (Monga bay) បានលាតត្រដាង និងបង្ហាញឈ្មោះបុគ្គលមួយចំនួនពាក់ព័ន្ធ សកម្មកាប់ព្រៃឈើក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែមិនឃើញមានពាក់ព័ន្ធនឹងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកបានឱ្យក្រុមការងារស្រាវជ្រាវ និងអានព័ត៌ មាន ម៉ុងហ្គាបាយ (Monga bay) នេះឡើងវិញ តែមិនមានកន្លែងណា ដែលព័ត៌មាននេះបញ្ជាក់ថា ក្រុមឈ្មួញកាប់ឈើ ជាប់ពាក់ព័ន្ធនឹងរូបលោកនោះឡើយ។ ប៉ុន្តែសារព័ត៌មាន ខេមបូឌា ដេលី បែរជាបំផ្លើស និងបញ្ចេញបញ្ចូលបន្ថែមចោទប្រកាន់ប្រកាន់ថា រូបលោកជាមេឈ្មួញរកស៊ីឈើ ទៅវិញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា វាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួលយកបានទេរឿងនេះ, ខ្ញុំសួរ ឌឹ ខេមបូឌា ដេលី វិញ តើមានភស្តុតាង កន្លែងណា ដែលលោកឯងថាសារព័ត៌មាន Monga bay ជាអ្នកសរសេរមានដាក់ឈ្មោះខ្ញុំ?! បង្ហាញខ្ញុំមកនៅក្នុងអត្ថបទហ្នឹង?! ស្គ្រីនសតឱ្យខ្ញុំមកតើនៅទំព័រទីប៉ុន្មាន ដែលសារព័ត៌មានហ្នឹងថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញ កាប់ឈើខុសច្បាប់នៅកម្ពុជា? ការពិតលោកនិយាយបំផ្លើស បន្ថែមខ្លួនឯង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ថា ជាមួយគ្នានេះ ខ្ញុំបានស្នើឱ្យសារព័ត៌មាន Monga bay ក៏ដូចជាម្ចាស់អត្ថបទដើមទាមទារទៅ ឌឹ ខេមបូឌា ដេលី បំភ្លឺលើរឿងនេះផងដែរ ព្រោះសារព័ត៌មាននេះ កំពុងយកអត្ថបទទៅផ្សាយបំភ្លៃ ដើម្បីចំណេញផ្នែកនយោបាយហើយបង្អាប់បង្អោន ធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរអ្នកដទៃ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















