រដ្ឋធានីបាគដាដ (Baghdad)៖ រហូតមកដល់ពេលនេះ ការតវ៉ាប្រឆាំងនឹងសង្គ្រាម បានរីករាលដាល នៅពាសពេញពិភពលោក ដោយសារមានមនុស្ស រាប់លាននាក់ បានតវ៉ាប្រឆាំងនឹងការលុកលុយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក បានដឹកនាំសម្ពន្ធមិត្ត ចូលលុកលុយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) បានចាប់ផ្ដើម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ ដោយមានកម្លាំងទាហានរបស់សហរដ្ឋអាមេរិក ចំនួន ១៥០ ០០០នាក់ រួមជាមួយនឹងកម្លាំងយោធារបស់ចក្រភពអង់គ្លេស ក៏ដូចជា កងទ័ពអូស្រ្ដាលី និង ប៉ូឡូញ ផងដែរ។ រហូតមកដល់ពេលនេះ មានមនុស្សរាប់លាននាក់ នៅក្នុងប្រទេសជាច្រើន នៅលើពិភពលោក នៅតែមិនជឿ ថា សង្គ្រាមនេះមានយុត្ដិធម៌នោះឡើយ ព្រោះនៅតាមដងផ្លូវ នៃទីក្រុងជាច្រើនរបស់ពួកគេ បានបង្ហាញ អំពីការថ្កោលទោស តាមអ្វីដែលពួកគេជឿ ថា ជាសង្រ្គាម« ដ៏អយុត្តិធម៌ និង ខុសច្បាប់»។

សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ប្រធានាធិបតី បានដឹកនាំកងទ័ពសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ធ្វើសង្គ្រាម ផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន ប្រធានាធិបតីអ៊ីរ៉ាក់ ក្រោមការចោទប្រកាន់ អំពីការលួចផលិតគ្រាប់បែកបរមាណូ។ សង្គ្រាមរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យប្រទេសមួយនេះខ្ទេចខ្ទាំ និង បែកបាក់គ្នា រហូតមកដល់បច្ចុប្បន្ននេះ។ ចំណែក មនុស្សរាប់សែននាក់ បានរងរបួស និង ស្លាប់៕ រក្សាសិទ្ធិដោយ ៖ សារាយSN























