រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលរដ្ឋអាជ្ញាកំពុងតែសិក្សា អំពីលទ្ធភាពចាប់ខ្លួនលោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នោះមក ប្រធានសភា មកពីគណបក្សសាធារណរដ្ឋ បានអំពាវនាវ មិនឲ្យមានបាតុកម្មតវ៉ា ឬក៏បង្កើតជាអំពើហិង្សាណាមួយកើតឡើង។
សារព័ត៌មាន The Hill បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ថា លោក ខេវិន ម៉ាក់កាធី (Kevin McCarthy) ប្រធានសភា បានព្យាយាម លុបបំបាត់នូវការអំពាវនាវរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យមានការតវ៉ា ឆ្លើយតបទៅនឹងការចាប់ខ្លួនគាត់ ដែលអាចធ្វើទៅបាន ទាក់ទងនឹងការស៊ើបអង្កេតរបស់ការិយាល័យរដ្ឋអាជ្ញាស្រុកម៉ាហាតថាន់ (Manhattan)។

លោកប្រធានសភារូបនេះ បានថ្លែង ទៅកាន់សន្និសីទកាសែត នៅក្នុងសភា កាលពីថ្ងៃអាទិត្យថា «ខ្ញុំគិត ថា មនុស្សមិនគួរតវ៉ា អំពីរឿងដែលលោក ដូណាល់ ត្រាំ អំពាវនាវជំរុញឲ្យមានការតវ៉ា ប្រឆាំងនឹងលទ្ធភាពចាប់ខ្លួនគាត់នោះទេ។ ប៉ុន្ដែគ្មានអ្នកណាម្នាក់ ធ្វើបាបគ្នាទៅវិញទៅមកនោះដែរ… ហើយនេះជាមូលហេតុ ដែលអ្នកគួរតែបង្កើតច្បាប់ឲ្យស្មើគ្នា ព្រោះប្រសិនបើមានរឿងនោះ មិនមានអ្វីកើតឡើងនោះឡើយ»។
លោក ខេវិន ម៉ាកកាធី (Kevin McCarthy) បានបញ្ជាក់ ថា «ប្រសិនបើបញ្ហានេះកើតឡើង យើងចង់បានភាពស្ងប់ស្ងាត់ នៅទីនោះ ដោយអំពាវនាវមិនឲ្យមាន អំពើហិង្សា ឬ ការបង្កឲ្យគ្រោះថ្នាក់ណាមួយកើតឡើង»។
ដោយឡែក លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ថា គាត់អាចនឹងត្រូវចាប់ខ្លួន នៅថ្ងៃអង្គារ ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់លោក អាល់វីន ប្រាគ (Alvin Bragg) រដ្ឋអាជ្ញា ប្រចាំនៅស្រុក Manhattan ជុំវិញការទូទាត់ប្រាក់ ទៅឱ្យតារាភាពយន្ត នាង Stormy Daniels នៅក្នុងអំឡុងពេលយុទ្ធនាការរបស់គាត់ នៅក្នុងឆ្នាំ២០១៦។

ជាមួយគ្នានេះ លោក McCarthy ក៏បានថ្កោលទោស ដល់ការស៊ើបអង្កេតរបស់លោក Bragg និង បានហៅការស៊ើបអង្កេតនោះ ថា វាជាការវាយប្រហារខាងនយោបាយ ដោយបានសន្យា ថា នឹងមានការស៊ើបអង្កេត ថាតើមូលនិធិសហព័ន្ធន៍ណាមួយ ត្រូវបានប្រើប្រាស់ ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ។
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកគាំទ្ររបស់គាត់ ដោយផ្អែកទៅលើអ្វីដែលគាត់បានហៅថា ជាការលេចធ្លាយ ពីការិយាល័យរដ្ឋអាជ្ញាស្រុក Manhattan គឺគាត់រំពឹង ថា នឹងត្រូវអាជ្ញាធរចាប់ខ្លួន នៅថ្ងៃអង្គារខាងមុខ។ អតីតប្រធានាធិបតីរូបនេះ បានអំពាវនាវដល់ក្រុមអ្នកគាំទ្ររបស់គាត់ ថា «តវ៉ា យកប្រទេសរបស់យើងមកវិញ!»។

បើទោះជាយ៉ាងណា មិនមានការបញ្ជាក់ ពីអាជ្ញាធរ ជុំវិញការចោទប្រកាន់បទឧក្រិដ្ឋកម្មណាមួយ ប្រឆាំងនឹងលោក ត្រាំ នោះទេ។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញ ថា ភ្នាក់ងារអនុវត្តច្បាប់ នៅទីក្រុងញូវយ៉កបានពិភាក្សា អំពីការរៀបចំសន្តិសុខ សម្រាប់ការចូលប្រគល់ខ្លួនរបស់លោក ត្រាំ ប្រសិនបើគាត់ត្រូវបានចោទប្រកាន់។
ការលើកឡើងរបស់អតីតប្រធានាធិបតីរូបនេះ ក៏បាននាំឲ្យមានការព្រួយបារម្ភ ពីអំពើហិង្សា ដែលអាចនឹងកើតឡើង។ លោក ត្រាំ ក៏បានជំរុញឲ្យមានការតវ៉ា ជុំវិញការអះអាងមិនពិតរបស់គាត់ ថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០ ត្រូវបានគេលួចបន្លំ ទើបនាំឲ្យមានការតវ៉ា ដោយហិង្សា នៅក្នុងរដ្ឋសភា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ សារាយSN









