Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត : អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លា.ប់

spot_img

ក្រុងកំពង់ចាម : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យកំពង់ចាមថា សូមចូលរួមអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែងរបស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលាកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀន ចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបន្តថា : អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបញ្ជាក់ថា:សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

ចុងបញ្ចប់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×