Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំបិលកំពត-កែប នឹងចុះបញ្ជីម៉ាក់សំគាល់ភូមិសាស្ត្រទំនិញឆាប់ៗនេះ  ដើម្បីការពារផលប្រយោជន៍អ្នកផលិត

spot_img

កំពត៖ មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា អំបិលកំពត-កែប នឹងត្រូវចុះបញ្ជីម៉ាក់សំគាល់ភូមិសាស្ត្រទំនិញឆាប់ៗខាងមុខនេះ។ នៅក្នុងអង្គមហាសន្និបាតកំណើតដំបូង នៃសមាគអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត-កែប ដែលបានធ្វើឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញ ឱ្យអំបិលកំពត-កែប បន្ទាប់ពីសមាគមត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅក្រសួងមាហាផ្ទៃរួចរាល់។

ឯកឧត្តម បានឲ្យដឹងថា បន្ទាប់ពីបានជួបជាមួយក្រុមអ្នកផលិតអំបិលជាច្រើនលើក ពិសេសបន្ទាប់ពី មហាសន្និបាទ ដោយសមាគមរៀបចំរចនាសម្ព័ន្ធដឹកនាំរួចរាល់  ហើយសៀវភៅបន្ទុកក៏បានអនុមត្តិពីក្រុមអ្នកផលិត​អំបិល អាជីវករ ផលិតករ រួចរាល់ ក្រសួងពាណិជ្ជកម្មនឹងធ្វើការសម្របសម្រួល ដើម្បីចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញ ឱ្យអំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខនេះ។ ​

នេះ គឺជាមហាសន្និបាតដំបូងរបស់សមាគមអ្នកផលិតម៉ាក់សំគាល់ភូមិសាស្ត្រទំនិញអំបិល  ដើម្បីរៀបចំក្រុមប្រឹក្សាប្រធានប្រតិបត្តិ អនុប្រធាន និងសវនាកររបស់សមាគម ដើម្បីឈានទៅចុះបញ្ជីទទួលស្គាល់នៅក្រសួងមហាផ្ទៃ។

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រង់កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងថា គោលបំណង់នៃការបង្កើតសមាគមមអ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប គឺដើម្បីការពារ និងផ្សព្វផ្សាយទេពកោសល្យផលិតករ និងកិត្តិនាមដ៏ល្បីល្បាញនៃគុណភាពអំបិលកំពត-កែប សម្រាប់ជាផលប្រយោជន៍ដល់ផលិតករ ឬអ្នកកែច្នៃ ប្រតិបត្តិករ និងអ្នកបរិភោគ។

ឯកឧត្តម បន្តថា ការចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញ វាអាចជួយឱ្យផលិតផលអំបិល មានទីផ្សារនាំចេញ លក់បានថ្លៃជាងមុន ល្បីជាងមុន និងអាចជួយបង្ហាញឱ្យអន្តរជាតិ បានស្គាល់អំពីសត្តានុពលរបស់ខេត្ត វប្បធម៌ ប្រពៃណី ទំនាមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជានៅលើ ឆាកអន្តរជាតិ។

គួរបញ្ជាកថា ការផលិតអំបិលអាស្រ័យទៅលើកក្តាធម្មជាតិ ហើយការប្រមូលផលអំបិលឆ្នាំ២០២៣នេះ បានអូសបន្លាយរយៈពេលយូរ រហូតដល់ ខែមករា ដែលធ្វើឱ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ បើតាមប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ គឹម ជឿន បានឱ្យដឹង ថា ប្រសិនបើចាប់ពីថ្ងៃនេះទៅ អាកាសធាតុបន្តរក្សាបាននូវភាពល្អប្រសើរ ទិន្នផលអំបិលឆ្នាំ២០២៣ អាចនឹងប្រមូលផលបានក្នុងរង្វង់ ៦ម៉ឺនតោន ខណៈផ្ទៃដីស្រែអំបិលខេត្តកំពត មានលទ្ធភាពអាចផលិតអំបិលបានជាង ១១ម៉ឺនតោន ក្នុងមួយឆ្នាំ(គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស) ប្រសិនអាកាសធាតុអំណោយផល៕

spot_img
×