Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍កម្ពុជា ទទួលបានជ័យលាភីយុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា ទើបទទួលបានពានរង្វាន់ជ័យលាភី យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២ ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ពានរង្វាន់នេះ បង្ហាញយ៉ាងច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ រួមជាមួយក្រសួង-ស្ថាប័ន សមាគមទេសចរណ៍ ដៃគូពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២។

លោកបានបន្តថា លទ្ធផលដែលកើតចេញពីកិច្ចសហការទាំងនេះ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេស​ចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម ក៏ដូចជាការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗនៅទីផ្សារចិន។

ពានរង្វាន់នេះ គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង ២០០នាក់ មកពី២៣ប្រទេស ជុំវិញពិភពលោក ចែកជាប្រភេទផ្សេង​ៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។

គួរបញ្ជាក់ថា នេះជាលើកទី១ ដែលមានការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះ មានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ៕

spot_img
×