Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សគ្រប់គ្រងអំណាចនៅជប៉ុន ពិភាក្សាគ្នាជាមួយតៃវ៉ាន់ ផ្ដោតលើបញ្ហាសន្ដិសុខ

spot_img

ទីក្រុងតៃប៉ិ៖ ជាមួយនឹងការភ័យខ្លាចឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់នោះ គណបក្សគ្រប់គ្រងអំណាចរបស់កោះតៃវ៉ាន់ និង ជប៉ុន គ្រោងនឹងជួបចរចាគ្នា ជារូបវន្ដជាលើកដំបូង ដោយផ្ដោតទៅលើបញ្ហាសន្ដិសុខ នៅក្នុងទីក្រុងតៃប៉ិ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ (DPP) នៅថ្ងៃអង្គារនេះ នឹងជួបចរចាគ្នា ស្ដីអំពីការទូត និង ការពារជាតិ ២+២ ជាមួយនឹងសមាជិក គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសជប៉ុន។

លោក ឡូ ជី-ចេង (Lo Chih-cheng) និង លោក គួ គួ-វ៉ិន (Kuo Kuo-wen) តំណាងរាស្រ្ដរបស់តៃវ៉ាន់ មកពីគណបក្ស DPP នឹងជួបចរចាគ្នា ជាមួយនឹងលោក ហូរី អ៊ីវ៉ាវ (Horii Iwao) និង លោក កូគូបា កូណូស៊ូកេ (Kokuba Konosuke) តំណាងរាស្រ្ដរបស់ជប៉ុន មកពីគណបក្ស LDP ដែលបានមកដល់តៃវ៉ាន់ រួចហើយ។ គណបក្សទាំងពីរ ធ្លាប់រៀបចំព្រឹត្តិការណ៍ស្រដៀងគ្នា ដែរ នៅក្នុងខែសីហា និង ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែជំនួប នាពេលនេះ នឹងក្លាយជាការជជែកគ្នា ផ្ទាល់មុខគ្នា លើកដំបូង រវាងគណបក្សទាំងពីរ។

បើតាមសារព័ត៌មាន CNA មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានរាយការណ៍ ថា កិច្ចប្រជុំបិទទ្វារនេះ នឹងផ្តោតលើឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ជប៉ុន កំណែទម្រង់វិស័យការពារជាតិ និង យោធារបស់តៃវ៉ាន់ វឌ្ឍនភាពសម្រាប់កិច្ចសហប្រតិបត្តិការយោធារបស់តៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក ហើយស្ថានភាព នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និង ច្រកសមុទ្រតៃវ៉ាន់។

លោក ឡាយ ជីង-តេ (Lai Ching-te) ប្រធានគណបក្ស DPP បានបញ្ជាក់ ថា គាត់ចង់ទៅចរចា នៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ និង ជំរុញឱ្យកិច្ចពិភាក្សាទាំងនេះ ក្លាយជាសកម្មភាព ជាទៀងទាត់។

ជប៉ុន មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការពង្រីកអំណាចយោធារបស់ចិន នៅក្នុងតំបន់។ ទន្ទឹមគ្នានេះដែរ ក្រុងតូក្យូ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់ ដល់ការថែរក្សាសន្តិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានេះ ជប៉ុន បានចេញផ្សាយរបាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២២ ហើយនាំឲ្យមានការរិះគន់ ពីចិន និង រុស្ស៊ី ផងដែរ។

ការផ្លាស់ប្ដូរឥរិយាបថ្មីដ៏គួរឲ្យកត់សម្គាល់បំផុតរបស់ក្រុងតូក្យូ នឹងអនុញ្ញាតឲ្យកងទ័ពជប៉ុន មានសមត្ថភាព វាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់ប្រទេសផ្សេងៗជាអមិត្ត ប្រសិនបើវាយប្រហារមកលើទឹកដីរបស់ជប៉ុន។ លើសពីនេះទៅទៀត ឯកសារទាំងនោះ បានកំណត់ អំពីការគំរាមកំហែងពីយោធារបស់ចិន ថា ជា«ការប្រឈមមុខ ជាយុទ្ធសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក ហើយវាជាបញ្ហាប្រឈមមុខ ជាយុទ្ធសាស្ត្រដ៏ធំបំផុត នៅក្នុងការធានាសន្តិភាព និង សន្តិសុខរបស់ប្រទេសជប៉ុន ហើយសន្តិភាព និង ស្ថិរភាព សម្រាប់សហគមន៍អន្តរជាតិ»។

ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខជាតិ និង ផែនការការពារជាតិថ្មីដ៏ធំសម្បើមរបស់ជប៉ុន នោះ រដ្ឋាភិបាលក្រុងតូក្យូ ក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានយល់ព្រម បែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង ៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំមុននេះ។

ជាមួយគ្នានេះ ជប៉ុន នឹងសម្រេចចិត្ត បង្កើននូវការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ អាចវាយប្រហារ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។ ការបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីបែបនេះរបស់ក្រុងតូក្យូ បានកើតឡើង ចំពេលចិនកំពុងតែគំរាមកំហែង ទៅលើកោះតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងតែបន្ដឈ្លានពាន ទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតា លើអាវុធមហាប្រល័យលោក ហើយបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ ទាំងនៅក្នុងតំបន់ និង ពិភពលោក។

កូរ៉េខាងជើង កាលពីឆ្នាំ២០២២ បានបាញ់មីស៊ីលផ្លោង ចំនួន១គ្រាប់ ហោះរំលងប្រទេសជប៉ុន ខណៈចិន បានធ្វើសមយុទ្ធយោធា ឡោមព័ទ្ធកោះតៃវ៉ាន់ ហើយបានបាញ់មីស៊ីល ចំនួន១គ្រាប់ ធ្លាក់ចូលទៅក្នុងទឹកដីរបស់ជប៉ុន ក្រោយពេលក្រុងប៉េកាំង បានខឹងសម្បា ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ខណៈនៅជាប្រធានសភាអាមេរិក បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×