ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរងកងទ័ពជើងគោក នឹងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នៅពេលណាដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សម្តេចបានបញ្ជាក់ថា ខ្ញុំសូមបញ្ជាក់ទុកឱ្យហើយទេ ក្នុងករណីដែល ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោក គឺអនុមេបញ្ជាការជើងគោកបច្ចុប្បន្ន និងជាមេបញ្ជាការ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិតទេ សូមបញ្ជាក់ទុកជូនឱ្យហើយ កុំឱ្យប៉ាន់ស្មានតែផ្តាស់ ហើយត្រូវជឿជាក់នៅក្នុងកងទ័ព។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមានសិទ្ធិចាត់ចែងបែបនេះ ដោយពិភាក្សាជាមួយអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការប្រកាសរបស់ សម្តេចតេជោ បែបនេះ បានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយពាក់ព័ន្ធនឹងការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

