Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋ រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា

spot_img

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ទាក់ទងនឹងការទទួលយកសេចក្ដីព្រាងច្បាប់ពីរាជរដ្ឋាភិបាលមកពិនិត្យសិក្សា ការពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាលដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ និងការអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៦។

ជាលទ្ធផលអង្គប្រជុំ បានសម្រេចដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់គណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

២- អង្គប្រជុំបានពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដោយចាត់ទុកជាការប្រញាប់។

៣- អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៦ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បំពេញបន្ថែមនូវសកម្មភាពការងាររបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នាពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×