ភ្នំពេញ៖ លទ្ធភាពរបស់កម្ពុជា ក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីក្រោមបាតសមុទ្របញ្ជូនទៅលក់ដល់ប្រទេសសិង្ហបុរី គេឃើញថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី គឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋសិង្ហបុរី។

ជាមួយគ្នានេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នាពេលបច្ចុប្បន្ន មានលទ្ធភាពតភ្ជាប់បណ្ដាញអគ្គិសនីក្រោមបាតសមុទ្របញ្ជូនទៅលក់ដល់ប្រទេសសិង្ហបុរី ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនរបស់សិង្ហបុរី បានចុះហត្ថលេខាជាមួយគ្នារួចរាល់ហើយ ដោយមានការទទួលស្គាល់រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្រុមហ៊ុនធំៗនៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី បានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ឯកឧត្តម តាន់ ស៊ីឡេង (Tan see leng) រដ្ឋមន្រ្តីទីពីរ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរ រួមមាន៖ ឯកឧត្តម Ngaim Shih Chun នាយកប្រតិបត្តិ នៃអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី និងថ្នាក់ដឹកនាំក្រុមហ៊ុន នៃប្រទេសសិង្ហបុរី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី ឯកឧត្តម យឹម វិសិទ្ធ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប៕


