កំពត៖ កម្លាំងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា មានករណីស្ត្រីជនបរទេសស្លាប់ចំនួន ២នាក់ បានស្លាប់ នៅវេលាម៉ោង ៤ និង៣០នាទី ព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍ របស់កម្លាំងផែនអន្តោប្រវេសន៍ ខេត្តកំពត បានបង្ហាញថា ជនរងគ្រោះទាំង ២នាក់មានឈ្មោះ AMISOLA ABBEY GAIL ភេទស្រី មានថ្ងៃខែឆ្នាំកំណើត ០៩.០៥.១៩៩០ ជនជាតិ កាណាដា និងកាន់លិខិតឆ្លងដែនលេខ HH472236 និងឈ្មោះ SEYMOUR NATALIE JADE ភេទស្រី មានថ្ងៃខែឆ្នាំកំណើត ០៩.០៦.១៩៩៥ ជនជាតិអង់គ្លេស និងកាន់លិខិតឆ្លងដែនលេខ 502979041។
កម្លាំងនគរបាលខេត្តកំពត ឲ្យដឹងថា ជនបរទេសទាំង ២នាក់ បានមកស្នាក់នៅផ្ទះសំណាក់ឈ្មោះ Money Republic ( បន្ទប់គ្រែ លេខ ៣ និងលេខ៥) ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
នគរបាលផែនអន្តោប្រវេសន៍ខេត្តកំពត ឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ គឺនៅក្នុងបន្ទប់សំរាក ឬនៅលើគ្រែជនរងគ្រោះ ឃើញមានថ្នាំរាយបាយជាច្រើនគ្រាប់ និងច្រើនបន្ទះ ដែលសមត្ថកិច្ច អាចតាមការសន្និដ្ឋានជាជំហ៊ានដំបូងថា ជនរងគ្រោះអាចទទួលទានថ្នាំនេះ ព្រោះពេលថ្ងៃ ពួកគាត់ទាំង ២នាក់ មានជំងឺរាក ក្អួត ប៉ុន្តែជនរងគ្រោះទាំង ២នាក់ មិនបានទៅពិនិត្យនៅមន្ទីរពេទ្យ ឬប្រាប់ដល់ម្ចាស់ផ្ទះសំណាក់ និងមិត្តភក្តិជាជនបរទេសដូចគ្នាឲ្យបានឹងនោះទេ។ ប៉ុន្តែនៅពេលជិតភ្លឺ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឃើញស្ថានភាពជនបរទេសទាំង ២នាក់ មានអាការៈជំងឺធ្ងន់ធ្ងរ ទើបមិត្តភក្តិជនបរទេស ដែលរងគ្រោះដល់អាយុវជីវិតទាំង ២នាក់នោះ ពួកគេកមានគ្នា ៤នាក់ ប្រុស ២នាក់ និងស្រី ២នាក់ បានបញ្ជូនជនរងគ្រោះទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតបានទេ ព្រោះជនបរទេសទាំង ២នាក់ បានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជុំវិញការស្លាប់ របស់ជនបរទេសទាំង ២នាក់នេះ គ្រូពេទ្យជំនាញ បានសន្និដ្ឋានបឋមថា អាចបណ្តាលមកពីពួកគាត់ឈឺ ហើយលេបថ្នាំ ដោយពុំមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ហើយបានថ្នាំពេទ្យ លេបហួសកំរិត ទើបបណ្តាលឲ្យស្ត្រីជាជនបរទេសទាំង ២នាក់នោះ រងគ្រោះដល់អាយុវជីវិត ហើយថា ករណីនេះ មិនមែនជាករណីឃាតកម្មនោះទេ។
បច្ចុប្បន្នសាកសព របស់ស្ត្រីជនជាតិកាណាដា និងជនជាតិអង់គ្លេសទាំង ២នាក់ ត្រូវបាននគរបាលផែនអន្តោប្រវេសន៍ ខេត្តកំពត បានទាក់ទងទៅស្ថានទូតសាម៉ី របស់ពួកគេ ដើម្បីចាត់ចែងបញ្ជូនសព ទៅកាន់ក្រុមគ្រួសារ នៅតាមប្រទេសរៀងៗខ្លួន តាមជាក់ស្តែង៕ ដោយ៖ សុគន្ធ