Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ Wagner អះអាងពីការកាន់កាប់ទីក្រុងបាកមូត ចំពេលអ៊ុយក្រែន អួតពីការសម្លាប់ទាហានរុស្ស៊ី

រដ្ឋធានីកៀវ៖ ស្របពេលការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង ទាហានរុស្ស៊ី កំពុងតែសាហាវខ្លាំងឡើង អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ មេបញ្ជាការទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner Group បានអះអាង អំពីការគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) រហូតដល់៧០ភាគរយ ឬ ស្មើនឹងជាង២ភាគ៣ ខណៈអ៊ុយក្រែន បានអួតអាង អំពីការសម្លាប់ទាហានរបស់រុស្ស៊ី ចំនួន៩៦០នាក់ នៅក្នុងរយៈពេល២៤ម៉ោង។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ី បានអះអាង កាលពីថ្ងៃចន្ទ ថា កងឯកភាពទាហានឯកជនរបស់គាត់ បានគ្រប់គ្រងជាង២ភាគ៣ នៃទីក្រុងបាកមូត នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ នៅទីនោះ ជាសមរភូមិដ៏វែងបំផុត ដែលកំពុងតែវាយប្រយុទ្ធគ្នា រវាងទាហានរបស់ក្រុងមូស្គូ និង កងទ័ពរបស់អ៊ុយក្រែន។

លោក មេបញ្ជាការទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានបញ្ជាក់ នៅក្នុងលិខិតចំហមួយ ទៅជូនចំពោះលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រី ក្រសួងការពារជាតិរុស្ស៊ី ថា «បច្ចុប្បន្ន អង្គភាព Wagner បានគ្រប់គ្រង ប្រហែល៧០ភាគរយ នៃទីក្រុងបាកមូត ហើយកំពុងតែបន្តប្រតិបត្តិការ សម្រាប់បញ្ចប់នូវការរំដោះទីក្រុងមួយនេះ»។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ ថា រុស្ស៊ី បានបាត់បង់ទាហានបន្ថែមទៀត ចំនួន៩៦០នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យទាហានរុស្ស៊ី បាត់បង់ជីវិត នៅលើសមរភូមិរបស់អ៊ុយក្រែន កើនឡើង រហូតដល់ ១៦៦ ៥៧០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ឯណោះវិញ ក្រុមរដ្ឋមន្ត្រី សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានយល់ព្រម លើផែនការមួយ មានទំហំទឹកប្រាក់ ២ពាន់លានអឺរ៉ូ ឬស្មើនឹងប្រហែល ២,១៤ពាន់លានដុល្លាអាមេរិក សម្រាប់ទិញគ្រឿងសឹក យកមកបំពេញឃ្លាំងស្ដុកអាវុធផ្ទាល់ខ្លួនរបស់បណ្ដាប្រទេសទាំងនោះ ហើយរួមគ្នាទិញ គ្រាប់រំសេវ ដែលមានតម្រូវការចាំបាច់យ៉ាងខ្លាំង សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។

ក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ និង ក្រសួងការបរទេសសហភាពអឺរ៉ុប បានគាំទ្រ ដល់គំនិតផ្ដួចផ្តើមមួយ មានគោលបំណងផ្តល់នូវគ្រាប់កាំភ្លើងផ្លោង ចំនួន១លានគ្រាប់ សម្រាប់រយៈពេល១២ខែទៅមុខទៀត ជួយដល់អ៊ុយក្រែន ក៏ដូចជា ការបំពេញឃ្លាំងស្តុកគ្រឿងសព្វាវុធរបស់សហភាពអឺរ៉ុប។ ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានប្រកាស អំពីការផ្ដល់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់៣៥០លានដុល្លារ ជួយដល់ក្រុងកៀវ ដោយរាប់បញ្ចូលទាំងគ្រាប់រំសេវ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាម៉ាស់ (Himars) ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×