Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ជាប្រទេសដែលមានកម្រិតដុល្លាររូបនីយកម្ម

spot_img

ភ្នំពេញ៖ ការចាយវាយប្រាក់ដុល្លារនៅកម្ពុជា អាចថា ផ្តើមចេញដំបូងមកពី អ៊ុនតាក់ (UNTAC) បានចំណាយថវិកាប្រមាណ១៧ ពាន់លានដុល្លារអាមេរិក ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងរបស់កម្ពុជាក៏ថាបាន។ ជាមួយនឹងបរិមាណសាច់ប្រាក់ដ៏ច្រើននៅក្នុងសេដ្ឋកិច្ចតូចមួយ ធនាគារជាតិនៃកម្ពុជា នៅពេលនោះ មិនអាចគ្រប់គ្រងការបោះពុម្ពរូបិយវត្ថុ ដើម្បីជំនួសការចរាចរដុល្លារអាមេរិក បានភ្លាមៗនោះទេ។ ហេតុដូច្នេះហើយ ប្រជាជន បានទទួលយកការប្រើប្រាស់ដុល្លារអាមេរិក នៅលើទីផ្សារតាំងពីពេលនោះមក។

លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា លំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនចូលក្នុងសេដ្ឋកិច្ច បានបង្កើតទម្លាប់សម្រាប់ប្រជាជន និងវិស័យឯកជន ក្នុងការប្រើប្រាស់ដុល្លារ​អាមេរិកមកទល់ពេលនេះ។ ប្រាក់ដុល្លារអាមេរិក បានចាប់ផ្តើមហូរចូលសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានចេញផ្សាយគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ក្នុងឱកាសចូលជួបសម្តែងការគួរសមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams កន្លងទៅថ្មីៗនេះ លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាល និងធនាគារកណ្តាលមិនអនុញ្ញាតឱ្យមានការបង្ខំឱ្យដកប្រាក់ដុល្លារអាមេរិកទេ ប៉ុន្តែជំរុញឱ្យប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែច្រើនឡើង ដោយផ្អែកលើស្ថានភាពទីផ្សារ និងការពង្រឹងសេដ្ឋកិច្ចប្រកបដោយភាពធន់។ ជាមួយគ្នានេះ លោក Dominic Williams បានសាទរចំពោះសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកប​ដោយប្រសិទ្ធភាព។​

ដោយសារតែកម្រិតដុល្លារអាមេរិកខ្ពស់ ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសមួយចំនួនធំ មាននៅក្នុងប្រព័ន្ធធនាគារកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈសមាមាត្រនៃប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសធៀបនឹងប្រាក់បញ្ញើសរុប ឬសមាមាត្រនៃប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសធៀបនឹងរូបិយវត្ថុទូទៅ-សាច់ប្រាក់សរុបដែលចរាចរក្នុងសេដ្ឋកិច្ចរបស់ប្រទេស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា សមាមាត្រនៃប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសធៀបនឹងរូបិយវត្ថុទូទៅមានចំនួន ៨៤,១ ភាគរយកាលពីឆ្នាំមុន ដែលបានកើនឡើង ១,១ ភាគរយធៀបនឹង ៨៣ ភាគរយក្នុងឆ្នាំ ២០២១ ខណៈដែលប្រាក់រៀលនៅក្នុងចរាចរមានកម្រិត ៧,៧ ភាគរយធៀបនឹងរូបិយវត្ថុទូទៅ ប្រាក់បញ្ញើនិងប្រាក់កម្ចីជារៀលមាន ៨,៩ ភាគរយនៃប្រាក់បញ្ញើសរុប និង ១១,២ ភាគរយនៃប្រាក់កម្ចីសរុបនៅកម្ពុជា៕

spot_img
×