Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជានឹងបន្ត ដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ សម្រេចបាន ទិសដៅតាមផែនការដែលបានកំណត់ នៃទិវាពិភពលោកកំចាត់រោគរបេង

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ខែមីនានេះ បានចេញសារលិខិតប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជនអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិទាំងអស់ ក្នុងពិភពលោកក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទ ” មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង បាន ” (Yes! We Can EndTB)។ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាព របស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។
ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយ ព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់
ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។

យើងក៏បានធ្វើការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា យើងមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្ដែង អត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុង ចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធ នឹងការកាត់បន្ថយអត្រាឈឺនឹងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់៤ឆ្នាំ។ ជោគជ័យរបស់
កម្ពុជាក្នុងការកំចាត់ជំងឺរបេងគឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។

ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ សម្តេចតេជោ យល់ថា ប្រទេសកម្ពុជា យើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់
ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។
ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពន ការរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អនឹងនាំឱ្យមាន ជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាព រីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺអាស្រ័យ លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស។

យើងមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឱ្យពិភពលោក ទាំងមូលមានជំនឿយ៉ាងមុតមាំថាយើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គា្នរួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាល ជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ជាក់ស្ដែងក្នុងឆ្នាំ២០២១ នៅក្នុងពិភពលោកមានប្រជាជន ប្រមាណ ១០លាន ៦សែននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាន ទៅ ៤លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់ បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្ស ក្នុងមួយឆ្នាំៗ ប្រមាណ១លាន ៤សែននាក់ (១ ៤០០ ០០០នាក់)។
យើងរំពឹងថា ប្រធានបទនេះនឹងសំដៅជំរុញការស្រាវជ្រាវរកឱ្យឃើញ និងព្យាបាលឱ្យជាសះស្បើយដល់ អ្នកជំងឺរបេងប្រមាណ ៣លាន ទៅ ៤លាននាក់ ទៀតក្នុងមួយឆ្នាំៗ នៅក្នុងពិភពលោក ដែលពុំទាន់បានទទួលសេវា។ ដូច្នេះយុទ្ធនាការទិវារបេងពិភពលោកឆ្នាំ២០២៣នេះ នឹងបន្តបំផុសឱ្យមនុស្សទាំងឡាយនៅលើសកលលោកឱ្យ
មានការយល់ដឹងបន្ថែម និងធ្វើសកម្មភាពដោយរួមគ្នានិងមានលក្ខណៈសកម្មជាងមុន ដើម្បីឱ្យអ្នកសង្ស័យ កើតជំងឺរបេងគ្រប់គ្នាទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងព្យាបាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញពិភពលោកមួយដែលគ្មានជំងឺរបេង និងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់ សកម្មភាពទាំងឡាយ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ត ទំលំទូលាយនៅទូទាំងប្រទេស រាប់បញ្ចូលទាំងនៅតាមទីជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ប្រជាពលរដ្ឋ ក្នុងការរើសអើងអ្នកជំងឺ និងការប្រតិបត្តិលើការរស់នៅគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីគេចចេញពី ជំងឺនេះ ជាពិសេសការស្វែងរកការថែទាំព្យាបាល រួមទាំងការបង្ការជំងឺឱ្យទាន់ពេលវេលា ពីព្រោះជំងឺរបេងនេះ បាននឹងកំពុងធ្វើឱ្យមនុស្សជាតិមានការខាតបង់យ៉ាងច្រើន រួមទាំងការប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងជាពិសេស
អាយុជីវិត។ កិច្ចការនេះនឹងរួមចំណែកយ៉ាងសកម្មផុលផុសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ទាំងអស់ ទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាជនគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវសមិទ្ធផលការងារកំចាត់រោគរបេង ក្នុងពេលកន្លងមក និងសូមសម្ដែង នូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្ដងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា
នៅទូទាំងសកលលោក។

សម្តេចតេជោ សូមអំពាវនាវនិងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់និងជ្រួតជ្រាប ព្រមទាំង ត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែក លើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។ សម្តេចមានភាពជឿជាក់ថា កម្ពុជានឹងបន្ត ដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ ព្រមទាំងសម្រេចបាន ទិសដៅតាមផែនការដែលបានកំណត់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×