ភ្នំពេញ៖ រោងចក្រកាត់ដេរ ជាវិស័យរកចំណូលបានច្រើនជាងគេ សម្រាប់ប្រទេសកម្ពុជា ដែលបង្កើតការងាររាប់សិបកន្លែងសម្រាប់ប្រជាជន ដែលភាគច្រើនគឺជាស្ត្រី។

ប្រទេសចិន ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមធំជាងគេ ដល់ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្រាប់យើងជាប្រទេសផលិតសម្លៀកបំពាក់ យើងនាំចូលក្រណាត់ជាង៨០ ភាគរយពីប្រទេសចិន។

ក្នុងពេលពិធីចែកសញ្ញាបត្រដល់និស្សិតវ៉ាន់ដាប្រមាណជាង ៤ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិតសម្លៀកបំពាក់ក្នុងប្រទេសរបស់យើង ហើយយើងនាំចេញផលិតផលសម្រេចទៅប្រទេសផ្សេងទៀត។

ក្នុងអំឡុងពេលនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរប្រទេសចិន ដែលបានផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជាទាន់ពេលវេលា សូម្បីតែក្នុងសម័យជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ហើយនេះក៏ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកច្រកពិសេសមួយសម្រាប់ការដឹកជញ្ជូនវត្ថុធាតុដើម ជាពិសេសសម្រាប់វិស័យកាត់ដេរ គឺជាអាទិភាពទីមួយ។ ហើយការកើនឡើងនៃការនាំចូលវត្ថុធាតុដើម សម្រាប់ផលិតសម្លៀកបំពាក់ គឺកើតឡើងស្របទៅនឹងកំណើននៃការនាំចេញសម្លៀកបំពាក់របស់កម្ពុជា។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រទេសកម្ពុជា បាននាំចេញផលិតផលកាត់ដេរ មានតម្លៃ ៩,០៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ស្មើនឹង៤០,១ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាចំនួន ២២,៤៨ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាវិបត្តិសកលលោក រោងចក្រមួយចំនួន បានព្យូរការងារដល់កម្មករនិយោជិក។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារដោយវិបត្តិសេដ្ឋកិច្ចសកលនេះ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ តាមកិច្ចប្រជុំ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ មានក្រុមការងារវិស័យឯកជន។ ក្នុងនោះ រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ហើយម្ចាស់រោងចក្រ ត្រូវផ្តល់ជូន ៣០ដុល្លារ៕