ភ្នំពេញ៖ ក្នុងអំឡុងពេល ដែលកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម២០២៣ ក្រសួងអប់រំ បានជូនដំណឹងស្តីការឈប់សម្រាកវិស្សមកាលចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។

ជាមួយគ្នានេះ ក្រសួងអប់រំ បានធ្វើការណែនាំបន្ថែមដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ អាចរៀបចំបង្រៀននៅក្នុងថ្នាក់ ឬតាមអនឡាញ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សានីមួយៗ ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា វិស្សមកាលនេះ គឺដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ការប្រកួត កីឡាស៊ីហ្គេមនៅកម្ពុជា ហើយក្រសួងសូមបញ្ជាក់បន្ថែមថា ការដែលក្រសួងឲ្យមានឈប់សម្រាក់នេះ គឺដើម្បីអនុញ្ញាតឲ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុ សិស្ស និស្សិត, មានលទ្ធភាពចូលរួមក្នុង សកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដើម្បីគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕