Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ផ្ទេរយន្ដហោះទំនើបៗចេញពីមជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិកនិងអឺរ៉ុប ក្រោយចិនជួបរុស្ស៊ី

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានចាត់ទុក ជារុស្ស៊ី ជាការប្រឈមមុខបន្ទាន់ ខណៈចិន ត្រូវប្រឈមមុខដ៏ធំ នៅពេលអនាគត នោះមក សហរដ្ឋអាមេរិក មានផែនការដ៏ធំមួយ រក្សាកងទ័ពជើងទឹក និង កងទ័ពជើងគោកមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា ហើយយន្ដហោះទំនើបៗទាំងអស់ នឹងត្រូវផ្ទេរ មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា បើតាមសេចក្ដីរាយការណ៍ព័ត៌មានមួយចំនួន បានរាយការណ៍ ថា សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយយន្តហោះវាយប្រហារដ៏ចំណាស់ ប្រភេទ A-10 ទៅកាន់មជ្ឈិមបូព៌ា ដើម្បីជំនួសយន្តហោះចម្បាំងទំនើបៗផ្សេងទៀត ដែលនឹងត្រូវផ្ទេរ មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប ស្របពេលមានភាពតានតឹងយ៉ាងខ្លាំង ជាមួយចិន និង រុស្ស៊ី។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា បើតាមក្រុមមន្រ្ដីអាមេរិកាំង បានឲ្យដឹង ថា សកម្មភាពផ្ទេរយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់ប៉ាស៊ីហ្វិក និង អឺរ៉ុប នេះ ត្រូវបានធ្វើឡើងតាមការគ្រោងទុក នៅខែមេសា ហើយវាជាផ្នែកមួយ នៃផែនការដ៏ទូលំទូលាយ ដោយអំពាវនាវ ដើម្បីឱ្យរក្សាបាននូវកម្លាំងទ័ពជើងទឹក និង ជើងគោកមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា។

លោកឧត្ដមសេនីយ៍ ផាទ្រីក រ៉ាយដឺរ (Patrick Ryder) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានប្រាប់ដល់ The Wall Street Journal ថា «ដំណើរការគ្រប់គ្រងកម្លាំងពិភពលោក គឺមានភាពស្វាហាប់ ហើយលោករដ្ឋមន្រ្ដី ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានសម្រេចចិត្ត ដោយផ្អែកទៅលើការគំរាមកំហែង ដល់កងកម្លាំងរបស់យើង និង ផលប្រយោជន៍សន្តិសុខជាតិរបស់យើង»។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ បានបដិសេធ អំពីការពិភាក្សា លើចំណុចជាក់លាក់ សម្រាប់សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ព័ត៌មាននោះ បានអះអាង ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក មួយចំនួន ក៏បានរិះគន់ ដល់ផែនការផ្លាស់ប្តូរយន្តហោះចម្បាំងទំនើបៗ ហើយជំនួសមកវិញនូវយន្តហោះមានអាយុកាលចំណាស់ ប្រភេទ A-10 ។ សកម្មភាពបែបនេះ អាចនឹងធ្វើឲ្យកម្លាំងយោធារបស់សហរដ្ឋអាមេរិក ចុះខ្សោយ នៅតំបន់មជ្ឈិមបូព៌ា។ យន្តហោះវាយប្រហារគាំទ្រ តាមផ្លូវអាកាសហោះហើរជិតៗរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក ប្រភេទ A-10 ត្រូវគេស្គាល់ ថា ជា «អ្នកពិឃាដរថក្រោះ»។

លោកឧត្ដមសេនីយ៍ឯក ឡារី ស្ទូតហ្ស៊ាម (Larry Stutzriem) មេទ័ពអាកាសចូលនិវត្ដន៍ ត្រូវបានគេដកស្រង់សម្ដីរបស់គាត់ ដោយបានអះអាង ថា «វាជាការចាំបាច់ណាស់ ត្រូវតែបញ្ជូនយន្តហោះដ៏សមស្របបំផុត ផ្ទេរមកកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្ពស់។ ចំណែកយន្តហោះពិឃាដរថក្រោះ ប្រភេទ A-10 នៅតែពាក់ព័ន្ធជាមួយនឹងបេសកកម្មរបស់ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហោះហើរ នៅតំបន់មជ្ឈិមបូព៌ា»។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន និង កំពុងតែពង្រឹងនូវសម្ពន្ធភាពយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខជាមួយនឹងចិន រួមទាំងការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លា នាពេលអនាគត នៅលើកោះតៃវ៉ាន់ ផងដែរ។

សេចក្ដីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal បានកើតឡើង ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបពិភាក្សាជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។ នៅក្នុងជំនួបនោះ មេដឹកនាំប្រទេសមហាអំណាចទាំង២នេះ បានអំពាវនាវឲ្យមានការសន្ទនាប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាវិបត្តិ នៅអ៊ុយក្រែន។ ទន្ទឹមគ្នានេះដែរ មេដឹកនាំចិន លោក ស៊ី ជិនពីង ក៏បានទទួលស្គាល់ ថា ក្រុងប៉េកាំង និង ក្រុងម៉ូស្គូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ដ នៅក្នុងយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២។

មន្រ្ដីយោធាចិន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពចិន បានត្រួតពិនិត្យ និង បណ្តេញនាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក ចូលមកក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់ នៅជុំវិញប្រជុំកោះប៉ារ៉ាសែល (Paracel) ស្ថិតក្នុងសមុទ្រចិនខាងត្បូង។

ដោយឡែក កងទ័ពជើងទឹកអាមេរិក វិញ បានបដិសេធនូវការអះអាងរបស់ចិន ហើយថែមទាំងឆ្លើយតបទៅ ថា នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវរបស់សហរដ្ឋអាមេរិក ប្រភេទ USS Milius ( យូអេសអេស ម៉ាយលៀស) កំពុងតែធ្វើប្រតិបត្តិការ តាមធម្មតា នៅសមុទ្រចិនខាងត្បូង ហើយនាវាចម្បាំងនោះ មិនត្រូវបានបណ្តេញចេញនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×