ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃព្រះរាជាណាចក្រ បានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទិវាជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
![](https://cen.com.kh/wp-content/uploads/2023/03/337168626_1372648269998753_8964572915258984502_n.jpg)
មុននឹងអញ្ជើញបើកទិវានេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើល និងទស្សនៈកិច្ចស្វែងយល់នូវពិពរព័ណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលតាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាពីបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិច្រើននៅមជ្ឈមណ្ឌលកោះពេជ្រ ដែលពិព័ណ៍នេះ នឹងត្រូវរៀបចំរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១, ឆ្នាំ២០២៣។
សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។ សម្តេចតេជោ បានអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
![](https://cen.com.kh/wp-content/uploads/2023/03/337693263_1273153376606336_4837609292468601820_n-1024x683.jpg)
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់ របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។
![](https://cen.com.kh/wp-content/uploads/2023/03/336891712_6363700450340788_3373518112374601546_n-1024x683.jpg)
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។
សម្តេចតេជោបានថ្លែងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។ រាជរដ្ឋាភិបាល ក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន៣បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2023/03/337234228_614422103425598_2584882049488454951_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337264742_238928011886738_8839066626072845158_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337276474_235507708929943_2009468708637035605_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337287242_753660223000237_5743114465025563583_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337294238_734417524751511_1083210870519936110_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337296783_146627458063007_4060616026972266145_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337380443_612233754281282_4330006822320670153_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337400614_481705094058094_3127901004686128801_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337498279_1344828313033160_1894770991261686154_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337505073_227519049801745_9077513077279722581_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337521863_766369131860732_8393431280122213137_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337526667_3428495420759863_4342129828271829859_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337527682_159671449974403_7017019707583440250_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337699849_1149023205746336_5647254545134766457_n-1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/03/337713301_2105352772987628_7116404892897958292_n-1-1024x683.jpg)