Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល បណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ខ្លួន ចេញពីតំណែង

រដ្ឋធានីជេរូហ្សាឡឹម៖ អ៊ីស្រាអែល បានបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែង ក្រោយពេលគាត់បាននិយាយប្រឆាំងនឹងផែនការរបស់នាយករដ្ឋមន្ត្រី នៅក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេសមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ថា ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបញ្ជាក់ ថា លោក បែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានបណ្ដេញលោក យ៉ូអាវ ហ្កាលឡានត៍ (Yoav Gallant) រដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែង។

ការបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែងបែបនេះ បានកើតឡើង ក្រោយពេលគាត់និយាយ ប្រឆាំងនឹងកំណែទម្រង់ផែនការ កែប្រែប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ជាសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សលីឃូដ (Likud) ស្ដាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានក្លាយជាមន្រ្ដីដំបូងគេ កាលពីល្ងាចថ្ងៃសៅរ៍ អំពាវនាវឱ្យកែលម្អប្រព័ន្ធតុលាការរបស់អ៊ីស្រាអែល។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា លោកនាយករដ្ឋមន្ត្រី បានបណ្តេញលោក Gallant ចេញពីតំណែង។ ក្រោយមក Netanyahu បានសរសេរលើ Twitter ថា «យើងទាំងអស់គ្នា ត្រូវតែឈរយ៉ាងរឹងមាំប្រឆាំងនឹងការបដិសេធនេះ»។

ដោយឡែក លោក Gallant បានសរសេរនៅលើ Twitter ភ្លាមៗ ក្រោយការប្រកាសនេះ ថា «សន្តិសុខរបស់រដ្ឋអ៊ីស្រាអែល តែងតែមាន ហើយនឹងនៅតែជាបេសកកម្ម សម្រាប់ជីវិតរបស់ខ្ញុំជានិច្ច»។

ស្របគ្នានោះ បាតុកររាប់ពាន់នាក់ បានដើរតាមដងផ្លូវ នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ ដោយបិទផ្លូវធំៗមួយចំនួន បន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្រ្ដី។ សកម្មភាពបែបនេះ បានផ្តល់សញ្ញា ថា លោក Netanyahu នឹងបន្តដំណើរទៅមុខ នៅក្នុងសប្តាហ៍នេះជាមួយនឹងផែនការស្ដារស្ថានការណ៍ឡើងវិញ ដោយបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយធ្វើឱ្យមេដឹកនាំយោធា ខឹងសម្បា និង បង្កើននូវការព្រួយបារម្ភ នៅក្នុងចំណោមសម្ពន្ធមិត្តរបស់អ៊ីស្រាអែល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×