រដ្ឋធានីកៀវ៖ អ៊ុយក្រែន កំពុងតែស្វែងរកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាស ថា ប្រទេសរបស់គាត់ នឹងដាក់ពង្រាយនូវអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស ហើយសកម្មភាពរបស់មេដឹកនាំវិមានក្រឹមឡាំង បាននាំឲ្យមានការថ្កោលទោស ពីអង្គការកំពូលរបស់ពិភពលោកមួយនេះផងដែរ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ថា អង្គការសហប្រជាជាតិ បានរិះគន់ដល់លោក វ៉្លាឌីមៀ ពូទីន អំពីអ្វីដែលអង្គការមួយនេះ ហៅថា ជាវោហារសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និង គ្មានការទទួលខុសត្រូវ ក្រោយពេលប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រទេសរបស់គាត់ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងប្រទេសបេឡារុស។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនេះ មានលក្ខណៈស្រដៀគ្នា ទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធប្រភេទនេះ នៅក្នុងមូលដ្ឋានជាច្រើន នៅក្នុងប្រទេសប៊ែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូល្លង់ដ៍ និង តួកគី ដែលជាសម្ពន្ធមិត្តរបស់លោកខាងលិច។
ជាមួយនឹងការភ័យខ្លាច សម្រាប់សង្គ្រាមនុយក្លេអ៊ែរ បានកើនឡើង ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមនូវការលុកលុយយ៉ាងពេញលេញរបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ចំណែកក្រុមអ្នកជំនាញ ជឿ ថា ការវាយប្រហារណាមួយរបស់រុស្ស៊ីទំនង ជាពាក់ព័ន្ធនឹងអាវុធធុនតូច នៅលើសមរភូមិ ហើយត្រូវបានគេពិពណ៌នា ថា ជាអាវុធនុយក្លេអ៊ែរតាក់ទិក ផ្ទុយពីអាវុធយុទ្ធសាស្ត្រកម្រិតខ្ពស់ បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់រយៈចម្ងាយឆ្ងាយ។

អ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ កំពុងស្វែងរកកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី។
ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន រំពឹង ថា នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ពីបណ្ដាប្រទេសមហាអំណាចនានា រួមមាន ចក្រភពអង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង៕ រក្សាសិទ្ធិដោយ ៖ សារាយSN




















