Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ត្រៀមកញ្ចប់លុយជាង៨៤០ពាន់លានដុល្លារ ដើម្បីប្រឈមមុខជាមួយចិន

រដ្ឋធានីវ៉ាស៊ីតោន៖ ក្រោយពេលក្រុងប៉េកាំង និង ក្រុងមូស្គូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ដ្រ ហើយភាពតានតឹង កំពុងតែកើនឡើងខ្លាំងផងនោះ សហរដ្ឋអាមេរិក បានរៀបចំកញ្ចប់ថវិកាទុកជាស្រេច រហូតដល់ជាង៨៤០ពាន់លានដុល្លារ សម្រាប់ការប្រឈមមុខដ៏ខ្លាំងក្លា អាចនឹងកើតឡើង ជាមួយនឹងចិន នាពេលអនាគត។

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា មេដឹកនាំ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមីនា) ថា យោធាអាមេរិក ត្រូវតែត្រៀមខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នា អាចនឹងកើតឡើង ជាមួយចិន ដោយជំរុញឱ្យសភា អនុម័តនូវកញ្ចប់ថវិកា រហូតដល់ ៨៤២ពាន់លានដុល្លារ ដែលត្រូវបានស្នើឡើង ដោយក្រសួងការពារជាតិ សម្រាប់ធ្វើយោធូបកម្មកម្លាំង នៅតំបន់អាស៊ី និង នៅជុំវិញពិភពលោក។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសក្ខីកម្ម នៅចំពោះមុខអនុគណៈកម្មាធិការហិរញ្ញវត្ថុការពារជាតិរបស់សភា ថា «នេះជាថវិកាយន្ដការយុទ្ធសាស្ត្រ និង ជាថវិកាត្រូវបង្កើន ដោយសារស្ថានភាពធ្ងន់ធ្ងរ សម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរបស់យើង ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន»។

លោក រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា ថវិកានេះ ស្នើឱ្យមានការចំណាយ ជាង៩ពាន់លានដុល្លារ ដោយកើនឡើង រហូតដល់៤០ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រមុខការពារជាតិ រូបនេះ ក៏បានគូសបញ្ជាក់ អំពីការកើនឡើង លើផ្នែកបច្ចេកវិទ្យាថ្មីៗ មានដូចជា អាវុធមានល្បឿនលឿនជាងសំឡេង ដើម្បីបង្កើនសមត្ថភាពយោធា នៅតំបន់ប៉ាស៊ីហ្វិក និង ការពារដល់សម្ពន្ធមិត្ត។

ការធ្វើសក្ខីកម្មរបស់ប្រមុខមន្ទីរបញ្ចកោណ បានកើតឡើង ចំពេលមេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ដោយបានបន្ថែមនូវការព្រួយបារម្ភ ថា ចិន នឹងបង្កើននូវកិច្ចគាំទ្ររបស់ខ្លួន សម្រាប់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន និង ការគំរាមកំហែង កាន់តែខ្លាំងឡើង មកដល់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត។

លោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ បានបញ្ជាក់ ថា សកម្មភាពរបស់ចិន កំពុងតែវិវឌ្ឍ ផ្លូវឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា និង នាំឲ្យមានជម្លោះ អាចនឹងកើតឡើង ជាមួយនឹងប្រទេសជិតខាង ហើយអាចជាមួយសហរដ្ឋអាមេរិក។ ចំណែកការរារាំង និង ការត្រៀមខ្លួន សម្រាប់សង្គ្រាម «គឺមានតម្លៃថ្លៃ លើសពីធម្មតា ប៉ុន្តែវាមិនថ្លៃ ដូចការប្រយុទ្ធនឹងសង្គ្រាមនោះឡើយ។ ថវិកាទាំងនេះ នឹងរារាំងសង្គ្រាម ហើយត្រូវតែរៀបចំខ្លួនរបស់យើង សម្រាប់ប្រយុទ្ធ ប្រសិនបើមានការចាំបាច់»។

លោក ហល រ៉ូហ្គើស (Hal Rogers) ព្រឹទ្ធសមាជិកសភា បានចោទសួរទៅលើប្រមុខការពារជាតិ លោក ឡយដ៍ អូស្ទីន អំពីជំនួបកំពូល រវាងមេដឹកនាំចិន លោក ស៊ី ជិនពីង និង លោក ពូទីន អំពីផលប៉ះពាល់ នៃទំនាក់ទំនងរបស់ក្រុងប៉េកាំង និង ក្រុងមូស្គូ មកលើការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា ការបង្កើនសម្ពន្ធភាព រវាងចិន និង រុស្ស៊ី ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២នេះ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅជួបពូទីន នៅក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន គឺជាបញ្ហា។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ថែម ថា សហរដ្ឋអាមេរិក មិនទាន់ឃើញចិន ផ្តល់អាវុធទៅឲ្យរុស្ស៊ី នៅឡើយ។ ប៉ុន្តែប្រសិនបើក្រុងប៉េកាំង ផ្ដល់អាវុធឲ្យក្រុងមូស្គូ វានឹងអូសបន្លាយជម្លោះនេះ ហើយប្រាកដណាស់ថា វានឹងពង្រីកជម្លោះឲ្យរីករាលដាលកាន់តែធំ មិនមែនត្រឹមតែ នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវារាលដាល រហូតនៅពាសពេញពិភពលោក។

លោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក ដែលនឹងចូលនិវត្ដន៍ នៅចុងឆ្នាំនេះ បានបញ្ជាក់ ថា ក្រសួងការពារជាតិ ត្រូវតែបន្តធ្វើយោធូបនីកម្ម លើកងកម្លាំងរបស់ខ្លួន ដើម្បីធានា ថា កងទ័ពសហរដ្ឋអាមេរិក ត្រូវតែត្រៀមខ្លួនប្រយុទ្ធរួចរាល់ ប្រសិនបើមានការចាំបាច់។ បញ្ហានេះ ជាបន្ទុករបស់យើង នៅក្នុងការធ្វើឱ្យប្រាកដ ថា យើងនៅតែឈរលេខ១ គ្រប់ពេលវេលា សម្រាប់រារាំងចិន។

លោកនាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «កម្រិតត្រៀមខ្លួន សម្រាប់ប្រតិបត្តិការរបស់យើង នាពេលនេះ គឺខ្ពស់ជាង កាលពីប៉ុន្មានឆ្នាំមុន។ ចំណែកកម្លាំងសកម្មជាង៦០ភាគរយ គឺស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់បំផុត នៅពេលបច្ចុប្បន្ន ហើយអាចដាក់ពង្រាយ សម្រាប់ការប្រយុទ្ធ នៅក្នុងរយៈពេលតិចជាង៣០ថ្ងៃ ខណៈកម្លាំងទ័ពចំនួន១០ភាគរយផ្សេងទៀត អាចនឹងដាក់ពង្រាយ នៅក្នុងរយៈពេល៩៦ម៉ោង»។

លោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) បានព្រមាន ថា ការសម្រេចបានលទ្ធផលទាំងនេះ នឹងត្រូវបាត់បង់ទៅវិញ ប្រសិនបើសភាមិនអាចអនុម័តនូវកញ្ចប់ថវិកា ឲ្យបានទាន់ពេលវេលានោះទេ ព្រោះវានឹងធ្វើឲ្យប៉ះពាល់ ដល់ការហ្វឹកហ្វឺនភ្លាមៗ។ ចំណែកការផ្ដល់ជំនួយជួយដល់ក្រុងកៀវ មានគោលបំណងយ៉ាងសំខាន់បំផុត ត្រូវតែធ្វើឱ្យប្រាកដ ថា អ៊ុយក្រែន នៅតែជាប្រទេសសេរី និង ឯករាជ្យ ជាមួយនឹងទឹកដីរបស់ពួកគេនៅដដែល ដោយរក្សាបាននូវសន្តិសុខរបស់ពិភពលោក និង សណ្តាប់ធ្នាប់ នៅលើពិភពលោក មានចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×