ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាការងារជាមួយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។
ជំនួបពិភាក្សានេះ គឺតបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈកំណត់ទូតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ក៏ដូចជាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានជួយប្រទេសកម្ពុជាពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតកន្លងមក តាមរយៈការផ្តល់ជំនួយផ្នែបច្ចេកទេស សម្ភារ/បរិក្ខារ ផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញការ ដូចជា ៖ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ១៩៩៨។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០០២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០០៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០០៧ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០០៨។ ស៊ើវី (Server) សម្រាប់ផ្ទុកទិន្នន័យអ្នកបោះឆ្នោត រថយន្ត Pick Up ចំនួន ៤០ គ្រឿង ហិបឆ្នោតសរុបចំនួន ២៣.០០០ ហិប (នៅឆ្នាំ១៩៩៨ ចំនួន ១២.០០០ ហិប និងឆ្នាំ២០១៨ ចំនួន ១១.០០០ ហិប)។

ប្រធាន គ.ជ.ប បានបន្តថា គិតត្រឹមឆ្នាំ២០២០ ជំនាញការដែលប្រទេសជប៉ុនបញ្ជូនមក គ.ជ.ប តាមរយៈទីភ្នាក់ងារ JICA សរុបចំនួន ៨នាក់ រួមមាន ផ្នែកជំនាញការផ្នែកបច្ចេកទេស ផ្នែកកំណែទម្រង់ការបោះឆ្នោត និងទីប្រឹក្សាជាន់ខ្ពស់។ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២-២០២៣ ប្រទេសជប៉ុនបានបញ្ជូនជំនាញការមួយរូប ដើម្បីប្រឹក្សាយោបល់ផ្នែកអប់រំអ្នកបោះឆ្នោត។ នាយកដ្ឋានជំនាញពាក់ព័ន្ធបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយជំនាញការ JICA ក្នុងការអប់រំ និងផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានអប់រំ ជូនសិស្ស និស្សិត និងនៅតាមក្រុង ស្រុក ខណ្ឌ ជូនភាគីពាក់ព័ន្ធ។

ក្រៅពីនេះទៀត ប្រទេសជប៉ុនក៏បានផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការបោះឆ្នោតជូនដល់មន្រ្តី គ.ជ.ប ដែលរួមមាន ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសជប៉ុន។
ប្រភពដដែលបានបញ្ជាក់ថា ដើម្បីត្រៀមរៀបចំការបោះឆ្នោត ឱ្យប្រព្រឹត្តទៅបានដោយជោគជ័យ ក្រៅពីច្បាប់ស្តីពីការបោះឆ្នោតនានា គ.ជ.ប បានរៀបចំ តាក់តែង និងអនុម័តលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់មួយចំនួនបន្ថែមទៀត សម្រាប់ជាត្រីវិស័យតម្រង់ទិស ជានីតិវិធីនៃការអនុវត្តកិច្ចប្រតិបត្តិការ និងការងារបច្ចេកទេសបោះឆ្នោត ព្រមទាំងបានសហការជាមួយស្ថាប័នជាតិពាក់ព័ន្ធតាមវិស័យផ្សេងទៀត ដើម្បីរៀបចំសេចក្តីណែនាំបន្ថែម គាំទ្រដល់ដំណើរការបោះឆ្នោត ដែលឯកសារទាំងនោះ រួមមានជាអាទិ៍ ៖

- ប្រតិទិន និងផែនការមេនៃការបោះឆ្នោត
- គម្រោងផែនការយុត្តិសាស្រ្តថវិកា
- បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការ បោះឆ្នោត
- ផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ស្តីពីកិច្ចការពារ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៤
- វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅការិយាល័យបោះឆ្នោត
- សេចក្តីណែនាំ និងគោលការណ៍ផ្សេងៗទៀត សម្រាប់បម្រើឱ្យការបោះឆ្នោត ។
សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាសនៈនៅ ក្នុងរដ្ឋសភាសរុបមានចំនួន ១២៥ អាសនៈ ហើយការបោះឆ្នោត ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រដោយយករាជធានី ខេត្តធ្វើជាមណ្ឌលបោះឆ្នោត៕ រក្សាសិទ្ធិដោយៈ ចេស្តារ




