ភ្នំពេញ៖ ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ នៅរសៀល ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖
១-រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

២-ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

៣-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។

៤-សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








