រដ្ឋធានីណៃពិដោរ៖ អំពើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និង ការបង្ក្រាបយ៉ាងឃោរឃៅរបស់របបយោធា បានរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល វាយប្រហារគ្នាស្ទើរគ្រប់រដ្ឋ ហើយឥឡូវនេះ មេដឹកនាំរបបសឹកមួយនេះ បានប្ដេជ្ញា កម្ទេចក្រុមចលនាប្រដាប់អាវុធទាំងអស់នោះ នៅក្នុងប្រទេសរបស់ខ្លួន។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ថា លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានចោទប្រកាន់ដល់បណ្ដាប្រទេសនានា ដែលកំពុងតែរិះគន់ អំពីសិទ្ធិមនុស្សនៅក្នុងរបបគ្រប់គ្រងរបស់គាត់។ លើសពីនេះទៅទៀត លោកឧត្ដមសេនីយ៍ ថែមទាំងបានចាត់ទុកប្រទេសទាំងនោះ កំពុងតែគាំទ្រ ដល់ក្រុមភេរវករ។
ចាប់តាំងពីពួកឧត្ដមសេនីយ៍របស់មីយ៉ាន់ម៉ា បានរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ របបយោធា បានជាប់គាំង នៅក្នុងសង្គ្រាមស៊ីវិលយ៉ាងបង្ហូរឈាម ប្រឆាំងនឹងក្រុមចលនាតស៊ូ។ ជម្លោះនេះ បានសម្លាប់មនុស្ស អស់រាប់ម៉ឺនពាន់នាក់ ហើយប្រជាជនភូមា ជាងមួយលាននាក់ផ្សេងទៀត បានរត់ភៀសខ្លួន។

លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានថ្លែងសុន្ទរកថាដ៏កម្រ ប្រចាំនៅក្នុងពិធីព្យុហយាត្រារបស់កងទ័ព នៅក្នុងរដ្ឋធានីណៃពិដោរ ថា កម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា មិនព្រមបញ្ឈប់នូវការវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេនោះឡើយ បើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ។
លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) វ័យ៦៦ឆ្នាំរូបនេះ ក៏បានបង្ហាញនូវកត់សម្គាល់ផងដែរ ថា ច្បាប់អាជ្ញាសឹក កំពុងតែដាក់ កាន់តែខ្លាំងឡើង នៅក្នុងទីប្រជុំជនសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ស្វែងរកនូវការបំផ្លិចបំផ្លាញផលប្រយោជន៍របស់ប្រជាជន។ លោកឧត្ដមសេនីយ៍ បានថ្លែង ថា ការបោះឆ្នោត នឹងត្រូវបានរៀបចំឡើង ហើយសិទ្ធិអំណាចទាំងនេះ នឹងត្រូវប្រគល់ទៅឱ្យគណបក្សឈ្នះឆ្នោត បើទោះជាវាមិនទាន់ច្បាស់ ថា នឹងកើតឡើង នៅពេលណា ដោយសារជម្លោះ កំពុងតែបន្តកើតឡើង។

នៅពិធីព្យុហយាត្រា ជាខួបលើកទី៧៨ នៃការបង្កើតកងទ័ពជាតិរបស់មីយ៉ាន់ម៉ា នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែឯកោយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ នៅតែបន្តបង្ហាញកម្លាំងយោធារបស់ខ្លួន វាយប្រហារ ប្រឆាំងនឹងក្រុមឧទ្ទាម ដែលមានចម្ងាយតិចជាង៥០គីឡូម៉ែត្រ ពីរដ្ឋធានីណៃពិដោរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















