រាជធានីបាងកក៖ ថៃ រៀបចំបោះឆ្នោត នៅក្នុងខែឧសភា ខាងមុខនេះ ហើយត្រូវគេរំពឹង ថា នឹងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុតមួយ ស្របពេលគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ហាក់បីដូចជានាំមុខ នៅក្នុងការស្ទង់មតិមួយ លើគណបក្សចម្រុះកំពុងតែគ្រប់គ្រងអំណាច។
សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ថា ថៃ រៀបចំបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតនេះ នឹងក្លាយជាសមរភូមិប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតមួយ រវាងគណបក្ស គាំទ្រ ដោយយោធា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) វ័យ៦៩ឆ្នាំ និង គណបក្សភឿថៃ គាំទ្រដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា (Shinawatra) បច្ចុប្បន្ន ដឹកនាំដោយលោកស្រី ភើថុងថាន (Paetongtarn) វ័យ៣៦ឆ្នាំ ជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដី និង ជាក្មួយស្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។

គណបក្សភឿថៃ ធ្លាប់ឈ្នះ នៅក្នុងការបោះឆ្នោតប្រកួតប្រជែងយ៉ាងស្វិតស្វាញ ចាប់តាំងពីឆ្នាំ២០០១ មក ប៉ុន្ដែរដ្ឋាភិបាលរបស់គណបក្សនេះ មិនបានគ្រប់គ្រងអំណាច ដោយសារតែការសម្រេចចិត្តរបស់តុលាការ ឬ រដ្ឋប្រហារយោធា។ គណបក្សជាច្រើន នឹងប្រជែងយកអាសនៈសភារបស់រដ្ឋសភា នៅថ្ងៃទី១៤ ខែឧសភា។ ចំណែកសមាជិកសភា ទើបជាប់ឆ្នោតថ្មី និងព្រឹទ្ធសភា ដែលត្រូវបានតែងតាំង ត្រូវគេរំពឹង ថា នឹងសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រីមួយ នៅចុងខែកក្កដា។
បើតាមការស្ទង់មតិមួយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានរកឃើញ ថា គណបក្សភឿថៃ មានអ្នកគាំទ្រ ចំនួន៣៧ភាគរយ ហើយនឹងធ្វើឲ្យគណបក្សមួយនេះ ទទួលបានជ័យជម្នះ។ ចំណែកគណបក្សធំចំនួន៤ផ្សេងទៀត នៅក្នុងរដ្ឋាភិបាលចម្រុះ និង គណបក្សជាសម្ពន្ធមិត្តមានអ្នកគាំទ្រត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។

បើតាមការស្ទង់មតិរបស់ Suan Dusit Poll បានបង្ហាញថា គណបក្សភឿថៃ នាំមុខ ៤៦ ភាគរយ ហើយគណបក្សកាន់អំណាចធំៗទាំងបួន ទទួលបានសំឡេងគាំទ្រ ចំនួន៣៥ភាគរយ។ លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមេទ័ពថៃ កាលពី២០១៤ បានធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកស្រី យីងឡាក់ ម្ដាយមីងរបស់លោកស្រី Paetongtarn ក៏បានឈរឈ្មោះបោះឆ្នោតជាថ្មី ជាមួយនឹងគណបក្សរួបរួមជាតិថៃ។ ការស្ទង់មតិ កាលពីពេលថ្មីៗនេះ បង្ហាញ ថា ការគាំទ្ររបស់លោក ប្រាយុទ្ធ បានធ្លាក់ចុះ ហើយគួប្រជែងដ៏សំខាន់របស់គាត់ គឺលោកស្រី Paetongtarn កំពុងតែនាំមុខ៕ រក្សាសិទ្ធិដោយ ៖ សារាយSN









