រឿងអាស្រូវប៉ូលិសចរាចរ ឃើញថា បានក្លាយជាជំងឺក្នុងសង្គមខ្មែរ ដែលមិនអាច «ព្យាបាលជា» នោះទេ ព្រោះថា ពីមួយថ្ងៃទៅមួយថ្ងៃ «ជំងឺចង់បានលុយពីពលរដ្ឋ» ដ៏ខុសរប្រៀបនេះ កាន់តែរ៉ាំរ៉ៃ នោះក៏ព្រោះតែមានខាងជំនាញប្រកែកបកស្រាយបំភ្លឺមិនចេះខុស ដែលបើកដៃឲ្យក្រុមប៉ូលិសខូចចំនួនទាំងនោះ នៅតែបន្តប្រព្រឹត្តបែបនេះដោយចេះអៀនខ្មាសសោះឡើយ។
ជាក់ស្តែង ករណីថ្មីៗនេះទៀត បានធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំង សឹងតែរកពាក្យថ្លែងពុំចេញ នៅពេលដែលបានដឹងពីទង្វើហៅឃាត់ផាកមិនច្បាស់លាស់ របស់ក្រុមប៉ូលិសមួយក្រុម ប្រចាំនៅគោលដៅខាងកើតសាលាស្រុកស្អាង (ស្រុកកោះធំ) ដែលធ្វើឲ្យប្រជាពលរដ្ឋជាប្តីប្រពន្ធ ធ្វើដំណើរតាមរថយន្ត ផ្ទុះកំហឹងឡើងញ័រសាច់អស់ហើយ។
នេះបើតាមប្រជាពលរដ្ឋជាម្ចាស់រថយន្ត ដែលត្រូវអស់លោកប៉ូលិសទាំងនោះ (ចង់ធ្វើស៊ី) មិនបានសម្រេច បានរៀបរាប់ទាំងក្តៅក្រហាយថា «អ្វីគួរអោយខ្លាចនោះ គឺលោកប៉ូលិសបន្ទាប់ពីលោកចោរ។ មុនដំបូងហៅឡានខ្ញុំ ខ្ញុំសួរគាត់ថា បងខ្ញុំខុសអី សួរ៥ដងបានលោកប៉ូលឆ្លើយថា បងបើកឡានលេងទូរស័ព្វ។ ខ្ញុំឆ្លើយថា បងឯងមើលខ្ញុំតេទូរស័ព្ឌទេ ទូរស័ព្ឌនៅប្រពន្ធខ្ញុំទុកក្នុងការបូប។ គាត់អោយខ្ញុំចុះជួបមេគាត់បានដឹង ខ្ញុំក៍ចុះទៅជួបមេ ខ្ញុំក៍ថាខ្ញុំខុសអីបង មេនោះថា បងឯងខុសត្រង់លេងទូរស័ព្ទ ខ្ញុំថាខ្ញុំមិនមានទូរស័ព្ទជាប់ខ្លួនទេ។ គាត់ក៍បោះដៃទៅសួរ អ្នកអោយការណ៍ថា ខុសអត់ពាក់ខ្សែក្រវាត់ ខ្ញុំឆ្លើយថា ខ្សែខ្ញុំពាក់តាំងពីព្រែកបិមកម្លេះ ខ្ញុំមិនបានដោះទេ។ គាត់ក៍បោះដៃសួរអ្នកអោយការណ៍ម្តងទៀត គាត់ថាប្រពន្ធខ្ញុំអត់ពាក់ខ្សែក្រវាត់ម្តងវិញ»។
គាត់បន្តថា «លោកប៉ូលិសសម្តីក្រឡេកក្រឡុច ខ្ញុំយកទូស័ព្ទថតទុកជាភស្តុតាង បើបងឯងម្តងថាខ្ញុំបើកបរលេងទូរស័ព្ឌ ម្តងថាអត់ពាក់ខ្សែក្រវាត់ ម្តងថាប្រពន្ធខ្ញុំចឹង។ ខ្ញុំខឹងពេកសុំធូបអ្នកជិតខាង មកអុជអោយស្បថ ហើយខ្ញុំនាំគ្នាមកអុកឡុកកន្លែងគាត់ គាត់គម្រាមយកឡានខ្ញុំទុក ខ្ញុំថាយកដល់ណាក៍បានខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនខុស។ ទីតាំងនៅខាងកើតសាលាស្រុកស្អាងស្រុកកោះធំចម្ងាយ២០០ម៉ែត្រ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






