ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃ ដែលបាននាំកម្ពុជា មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេស នាំ មកនូវសុខដុមបនីយកម្ម រវាងសាសនា។

ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាម មកកម្ពុជា ចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តម បានឃើញកាល ពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុត រវាងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមដែលបានដឹកនាំ សាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជា រៀបចំ កម្មវិធី ស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនា នៅកម្ពុជាគឺមានសុខដុមភាព ណាស់ ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










