រដ្ឋធានីកៀវ៖ ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅទីក្រុងបាកមូត (Bakhmut) រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី បានអូសបន្លាយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ហើយឥឡូវ ក្រុងមូស្គូ បានអួតអាង អំពីការបន្ដវាយរុលទៅមុខ ខណៈចក្រភពអង់គ្លេស បានអះអាង ថា រុស្ស៊ី បានខាតបង់យ៉ាងច្រើន។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ថា មន្រ្ដីលើកបន្ដុប ដោយក្រុងមូស្គូ មួយរូប បានអះអាង កាលពីថ្ងៃអង្គារ ថា កម្លាំងទាហានរបស់រុស្ស៊ី នៅតែបន្ដវាយរុលទៅមុខ នៅក្នុងទីក្រុងបាកមូត នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស ក៏បានថ្លែង ថា កងពលរថក្រោះរបស់រុស្ស៊ី បានបាត់បង់យ៉ាងធ្ងន់ធ្ងរ នៅជិតទីក្រុងអាវឌីវកា (Avdiivka)។
ការវាយប្រយុទ្ធគ្នា ដណ្ដើមកាន់កាប់បាកមូត ជាទីក្រុងរ៉ែមួយ នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) ក្លាយជាចំណុចវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាច្រើនខែកន្លងមកនេះ។ ភាគីជម្លោះ នៃប្រទេសជិតខាងទាំង២នេះ បានរៀបរាប់ អំពីការវាយប្រយុទ្ធគ្នា នៅទីនោះ ប្រៀបបីដូចជាកន្លែងកិនសាច់មួយទៅហើយ ដោយសារតែទាហានទាំងសងខាង បានស្លាប់ និង រងរបួសរាប់ម៉ឺននាក់។

លោក ដេនីស ពូស៊ីលីន (Denis Pushilin) មេដឹកនាំលើកបន្ដុប ដោយរុស្ស៊ី ត្រួតត្រាផ្នែកមួយ នៃតំបន់ដូណែស្ក៍ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងមូស្គូ បានបញ្ជាក់ ថា កងទ័ពអ៊ុយក្រែន ភាគច្រើន បានដកថយ ចេញពីរោងចក្រលោហៈអាហ្សូម (AZOM) នៅផ្នែកខាងលិច ទន្លេបាមូតកា (Bakhmutka) ស្ថិតក្នុងទីក្រុងបាកមូត។
បើទោះជាយ៉ាងណាក៏ដោយ ការអះអាងរបស់លោក ដេនីស ពូស៊ីលីន (Denis Pushilin) មានភាពផ្ទុយគ្នា ពីការអះអាងរបស់អ៊ុយក្រែន និង លោកខាងលិច ដោយបានលើកឡើង ថា ស្ថានការណ៍ នៅទីក្រុងបាកមូត កំពុងតែនៅទ្រឹង ហើយការវាយលុក នៅក្នុងរដូវរងារបស់រុស្ស៊ី កំពុងតែថយចុះ។
ដោយឡែក មេបញ្ជាការយោធារបស់អ៊ុយក្រេន បានបញ្ជាក់ នៅក្នុងសន្និសីទមួយ កាលពីល្ងាច ថ្ងៃអង្គារ ថា រុស្ស៊ី នៅតែបន្ដវាយប្រហារ នៅក្នុងទីក្រុងបាកមូត ប៉ុន្ដែកងទ័ពអ៊ុយក្រែន នៅតែឈរជើងយ៉ាងរឹងមាំ ហើយទប់ទល់នឹងការវាយប្រហារទាំងនេះ។

លោក ស៊ើរហីយ ឆេរេវ៉ាទី (Serhiy Cherevaty) អ្នកនាំពាក្យ ទីបញ្ជាការកងទ័ពរបស់អ៊ុយក្រែន បានថ្លែង ដាច់ដោយឡែកពីនេះ ថា «ស្ថានភាពនៅជុំវិញបាកមូត នៅតែមានការប្រយុទ្ធគ្នាខ្លាំង។
មេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយលុករបស់កងទ័ពអ៊ុយក្រែន ទទួលបានការគាំទ្រ ដោយរថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទើបប្រគល់មកឲ្យថ្មី រួមទាំង រថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ។ ប៉ុន្តែគាត់បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការកាន់កាប់ទីក្រុងបាកមូត នៅក្នុងពេលនេះ។ ចំណែកកងកម្លាំងទាហានរុស្ស៊ី ក៏បានបាញ់ផ្លោងដាក់ទីក្រុងអាវឌីវកា (Avdiivka) មានចម្ងាយប្រហែល៩០គីឡូម៉ែត្រ នាភាគខាងត្បូង ទីក្រុងបាកមូត ហើយឥឡូវ ប្រជាជន ភាគច្រើន ក៏ត្រូវបានជម្លៀសចេញ ពីទីនោះ។
ដោយឡែក ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ថា កងកម្លាំងរុស្ស៊ី បានវាយរុលទៅមុខបន្ដិចបន្ដួចប៉ុណ្ណោះ នៅក្នុងការប៉ុនប៉ងឡោមព័ទ្ធទីក្រុង Avdiivka កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ ប៉ុន្ដែពួកគេបានបាត់បង់រថពាសដែក និង រថក្រោះយ៉ាងច្រើន៕ រក្សាសិទ្ធិដោយ ៖ សារាយSN
















