Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយកាន់កាប់ទីក្រុងបាកមូត មានតម្លៃខាងយុទ្ធសាស្រ្ដ តិចជាងខាងនយោបាយ

spot_img

រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលជាង៧ខែកន្លងមកនេះ ទាំងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី បាន និង កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ដណ្ដើមកាន់កាប់ទីក្រុងបាកមូត (Bakhmut) ស្ថិតនៅខាងកើត ប្រទេសអ៊ុយក្រែន ដោយសារតែមេដឹកនាំក្រុងកៀវ និង ក្រុងមូស្គូ គិតពីតម្លៃខាងនយោបាយ ច្រើនជាងយុទ្ធសាស្រ្ដ នៅក្នុងការយកជ័យជម្នះ នៅលើទីក្រុងមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា ពូទីន នឹងបង្ហាញទៅកាន់បណ្ដាប្រទេសបស្ចិមលោក ក៏ដូចជា ផ្សព្វផ្សាយទៅកាន់សង្គមរបស់គាត់ ហើយអួតអាងប្រាប់ចិន និង អ៊ីរ៉ង់ អំពីជ័យជម្នះ បើសិនជាទីក្រុងបាកមូត ត្រូវធ្លាក់ទៅក្រោមការកាន់កាប់របស់កម្លាំងទាហានរបស់រុស្ស៊ី។ នៅពេលនេះ រុស្ស៊ី នឹងចាប់ផ្តើមបង្កើននូវការគាំទ្រពីអន្តរជាតិ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ឬ អាចតម្រូវឱ្យអ៊ុយក្រែន សម្របសម្រួល ដែលមិនអាចទទួលយកបាន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអង្គារ ថា «ប្រសិនបើពូទីន គិត ថា អ៊ុយក្រែន ទន់ជ្រាយ ហើយមានក្លិនថា អ៊ុយក្រែនខ្សោយនោះ ពូទីន នឹងវាយរុញច្រានទៅមុខរហូត»។

មេដឹកនាំអ៊ុយក្រែន រូបនេះ បានសង្កត់ធ្ងន់ ថា «ខ្ញុំមានការព្រួយបារម្ភ ថា ប្រសិនបើមានការប្រែប្រួលកម្លាំងនយោបាយ នៅក្នុងក្រុងវ៉ាស៊ីនតោន វាអាចនឹងរងផលប៉ះពាល់ ដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិក ពិតជាយល់ឃើញ ថា ប្រសិនបើក្រុងវ៉ាស៊ីនតោន ឈប់ជួយយើង យើងនឹងមិនអាចទទួលបានជ័យជម្នះ នៅលើសង្គ្រាមនេះឡើយ»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបន្ថែមទៀត ថា «យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការអញ្ជើញលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន មកកាន់ទីនេះ ហើយខ្ញុំចង់និយាយជាមួយគាត់។ ខ្ញុំបានទាក់ទងទៅកាន់ មុនពេលការផ្ទុះសង្គ្រាមយ៉ាងពេញទំហឹង។ ប៉ុន្ដែនៅឆ្នាំនេះ អស់រយៈពេលជាង១ឆ្នាំមកនេះ ខ្ញុំមិនបានទាក់ទងជាមួយគាត់»។

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន កាលពីសប្ដាហ៍មុន បានធ្វើដំណើរទៅជួបប្រធានាធិបតី ពូទីន នៅក្នុងរដ្ឋធានីមូស្គូ ហើយមេដឹកនាំទាំង២ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្ដ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន កំពុងតែធ្វើឲ្យលោកខាងលិច សង័្សយ ថា ក្រុងប៉េកាំង អាចនឹងត្រៀមខ្លួនសម្រាប់ការផ្តល់នូវគ្រឿងសព្វាវុធ និង គ្រាប់រំសេវ ជួយដល់ក្រុងមូស្គូ ដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធ ត្រូវបានបង់ នៅក្នុងការធ្វើសង្គ្រាមនេះ។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននោះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាស ថា គាត់ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងបេឡារុស។ សកម្មភាពបែបនេះ កំពុងតែរុញច្រានឃ្លាំងស្ដុកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ចូលទៅជិតដែនដីរបស់អង្គការណាតូ។

លោកប្រធានាធិបតីអ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានទៅសួរសុខទុក្ខដល់កងទ័ពរបស់គាត់ នៅជិតទីក្រុងបាកមូត ជាកន្លែងដែលកងទ័ពអ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែជាប់គាំង នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម អស់រយៈពេលជាង៧ខែកន្លងមកនេះ។

រហូតមកដល់ពេលនេះ ថ្វីបើក្រុមអ្នកវិភាគយោធារបស់បស្ចិមលោក បានចាត់ទុកទីក្រុងបាកមូត មិនមានសារៈសំខាន់ ជាយុទ្ធសាស្ត្រយ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតី ហ្សេឡែនស្គី បានព្រមាន ថា «ការបាត់បង់ទឹកដីណាមួយ នៅក្នុងដំណាក់កាលសង្គ្រាមនេះ អាចធ្វើឱ្យសន្ទុះការវាយប្រយុទ្ធរបស់អ៊ុយក្រែន ប្រឈមនឹងហានិភ័យខ្លាំង។ ដូច្នេះយើងមិនអាចឲ្យបាត់បង់ដែនដីណាមួយនោះទេ ព្រោះសង្រ្គាមនេះ ត្រូវតែយកជ័យជម្នះ បើទោះជាកម្រិតណាមួយក៏ដោយ។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអ៊ុយក្រែន ក៏បង្ហាញ អំពីជាការទទួលស្គាល់ ថា ការបាត់បង់ នៅលើសមរភូមិ អស់រយៈពេលជាង៧ខែ សម្រាប់ទីក្រុងបាកមូត នឹងក្លាយជាការបរាជ័យផ្នែកនយោបាយ ច្រើនជាងយុទ្ធសាស្ត្រ នៅក្នុងសង្រ្គាម អស់រយៈពេលជាច្រើនខែកន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×