ភ្នំពេញ ៖ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានពីសម្តេចពិជ័យសេនា ទៀ បាញ់ រឿងថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ សម្តេចតេជោ ក៏ប្រញាប់ប្រកាសជូនជនរួមជាតិ និងបញ្ជាភ្លាមៗ មិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមនោះទេ, នេះបើតាមសារសំឡេងពិសេសរបស់សម្តេចកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

រឿងចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាបានចំណាយប្រាក់រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងចំណាយការព្យាយាមជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រអន្តរជាតិមួយនេះ ដូច្នេះ មិនអនុញ្ញាតឱ្យមានការលក់សំបុត្រយកលុយនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ខ្ញុំគឺមិនយល់ព្រមជាដាច់ខាត ចំពោះការឱ្យមានការលក់សំបុត្រទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងការប្រកួតស៊ីហ្គេម, ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ លឺថាមានការផ្សព្វផ្សាយនៅតាមវេបសាយខាងផ្នែកកីឡា មិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំផងដែរ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យើងបានធ្វើកិច្ចការច្រើនហើយ អ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងត្រូវយល់ថា ធ្វើបុណ្យ ១០០សំពៅ ទោសមួយចូលទៅ រលាយបាត់អស់ ! សូមចាំនូវពាក្យនេះ យើងចាយលុយអស់រាប់រយលានដុល្លារ តើយើងប្រមូលលុយតាមរយៈការលក់សំបុត្រឱ្យជនជាតិឯងចូលទស្សនារបៀបម៉េចទៅ?! តើបានប៉ុន្មា នទៅ?! បើអ្នកទាំងអស់គ្នាចង់បានលុយ សូមមកទទួលយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ។
ជាមួយនឹងភាពម៉ឺងម៉ាត់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាចំនួន ៣ ដើម្បីដោះស្រាយបញ្ហានេះភ្លាមៗ រួមមាន ÷
១- មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើក និងចូលបិទកីឡា,
២- ឱ្យពលរដ្ឋចូលទស្សនាដោយសេរី គ្មានការបង់ប្រាក់, និង
៣- សម្រាប់ការប្រកួតតាមវិញ្ញាសានានា ក៏មិនត្រូវឱ្យបង់ថ្លៃណាមួយឡើយ,
យើងព្រមានទុកឱ្យហើយថា សម្រាប់ក្រុមណាមួយ ផ្នែកណា ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់ខ្ញុំនាពេលនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ទៀតផង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN























