Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានបេឡារុសមានការប្រែប្រួលខ្លះ ! មានក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ដរបស់បេឡារុសមួយចំនួន ប្ដេជ្ញាយកជ័យជម្នះឲ្យអ៊ុយក្រែន

រដ្ឋធានីកៀវ៖ ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ មានក្រុមទាហានស្ម័គ្រចិត្តរាប់ពាន់នាក់ មកពីបណ្ដាប្រទេសនានា នៅលើពិភពលោក ហើយឥឡូវនេះ ក្រុមទាហានស្ម័គ្រចិត្ត មកពីប្រទេសបេឡារុស ដែលធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀតដូចគ្នា ក៏កំពុងតែអះអាង អំពីការប្រយុទ្ធ ដើម្បីជ័យជម្នះ សម្រាប់ប្រទេសអ៊ុយក្រែន និង ប្រទេសកំណើតរបស់ពួកគេ។

ទស្សនាវដ្ដីព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ថា នៅក្នុងចំណោមក្រុមយុទ្ធជន មកពីប្រទេសផ្សេងៗ ចូលរួមកៀកស្មា ប្រយុទ្ធជាមួយនឹងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី នោះ ក៏មានយុទ្ធជន មកពីប្រទេសបេឡារុស ជាច្រើននាក់ផងដែរ។ ក្រុមយុទ្ធជនរបស់បរទេសទាំងអស់ បានប្ដេជ្ញា ប្រយុទ្ធ យកជ័យជម្នះ លើកម្លាំងទាហានរបស់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

ក្រុមអ្នកប្រយុទ្ធជនជាតិបេឡារុស ទាំងនោះ បានមកចូលរួមកៀកស្មា ជាមួយនឹងកងទ័ពរបស់អ៊ុយក្រែន ក្រោយការតវ៉ា ដោយសន្តិវិធី បានទទួលបរាជ័យ នៅក្នុងការផ្តួលរំលំរបបគ្រប់គ្រងរបស់មេដឹកនាំបេឡារុស លោក អាឡិកសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) បន្ទាប់ពីការបោះឆ្នោតប្រកបដោយជម្លោះ នៅក្នុងឆ្នាំ២០២០។ វិបត្ដិនយោបាយ នៅក្នុងប្រទេសបេឡារុសនេះ បានជំរុញឲ្យអ្នកនយោបាយ រាប់ពាន់នាក់ បង្ខំចិត្តចាកចេញពីប្រទេសកំណើតរបស់ពួកគេ។

ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់ ក៏មានយុវជនបេឡារុស រាប់រយនាក់ បានចូលរួម នៅក្នុងជួរកងវរសេនាធំអន្តរជាតិរបស់អ៊ុយក្រែន។ ក្រុមអ្នកប្រយុទ្ធជនជាតិបេឡារុសទាំងនោះ កំពុងតែទទួលបានជំនាញជាចាំបាច់ សម្រាប់ការធ្វើប្រតិបត្តិការផ្លាស់ប្តូររបបគ្រប់គ្រងរបស់លោកប្រធានាធិបតី អាឡិកសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

លោក អូស្ការ (Oscar) ជាយុទ្ធជនមួយរូប នៃកងអង្គភាពវ៉ូឡាត (Volat) របស់យុទ្ធជនស្ម័គ្រចិត្ដរបស់ជនជាតិបេឡារុស បានប្រាប់ Newsweek នៅក្នុងទីក្រុងល្វី (Lviv) ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ថា «ឥឡូវនេះ យើងមានបទពិសោធន៍ប្រយុទ្ធជាក់ស្តែង ច្រើនជាងក្រុមមន្រ្តីយោធា នៅក្នុងប្រទេសបេឡារុស។ ពួកយើង ស្ម័គ្រចិត្តបូជាអាយុជីវិតរបស់ពួកយើង ប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអ៊ុយក្រែន និង ប្រទេសកំណើតរបស់ពួកយើង»។

យុទ្ធជន អូស្ការ បានបន្ថែម ថា «របបគ្រប់គ្រងរបស់លោក លូកាសែនកូ (Lukashenko) ពិតជាភ័យខ្លាចនូវអ្វីដែលយើង នឹងអាចធ្វើបាន នៅពេលក្រោយ ខណៈប្រទេសកំណើតរបស់យើង កំពុងតែប្រឈមមុខនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ»។

យុទ្ធជនអូស្ការ ស្ថិតក្នុងវ័យ២០ឆ្នាំ បានរត់ភៀសខ្លួន ចេញពីប្រទេសបេឡារុស ក្រោយពេលមានរលកនយោបាយចុងក្រោយរបស់ប្រទេសមួយនេះ បានកើតឡើង បន្ទាប់ពីការបោះឆ្នោតប្រកបដោយជម្លោះ នៅក្នុងខែសីហា ឆ្នាំ២០២០។ នៅក្នុងការបោះឆ្នោតនោះ លោក លូកាសែនកូ ដែលបានឡើងកាន់អំណាច ចាប់តាំងពីឆ្នាំ១៩៩៤រហូតមក បានអះអាង ថា គាត់បានទទួលជ័យជម្នះ ដោយទទួលបានសំឡេងឆ្នោតជាផ្លូវការ សរុប ៨១,០៤ ភាគរយ ហើយវាធ្វើឲ្យគាត់ ឡើងកាន់អំណាច នៅក្នុងអាណត្ដិទី៦របស់គាត់។

យុទ្ធជនអូស្កា បានសង្កត់ធ្ងន់ ថា «ខ្ញុំបានបាត់បង់មាតុភូមិរបស់ខ្ញុំរួចមកហើយ ហើយប្រសិនបើខ្ញុំមិនបានធ្វើអ្វីនោះ ខ្ញុំនឹងបាត់បង់នូវអ្វីៗគ្រប់យ៉ាង យើងតស៊ូ ដើម្បីជ័យជម្នះរបស់អ៊ុយក្រែន និង ប្រទេសកំណើតរបស់ខ្ញុំ»។

លោក អាឡិកសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន។ បេឡារុស បានអនុញ្ញាតឲ្យរុស្ស៊ី ធ្វើសមយុទ្ធយោធា នៅលើទឹកដីរបស់ខ្លួន មុនពេលក្រុងមូស្គូ បានបើកការលុកលុយ ទៅលើប្រទេសអ៊ុយក្រែន តាមអ្វីដែលលោក ពូទីន ហៅជា «ប្រតិបត្ដិការយោធាពិសេស» ខណៈលោកខាងលិច បានចាត់ទុកជាសង្គ្រាមឈ្លានពាន។ ជម្លោះ រវាងក្រុងមូស្គូ និង ក្រុងកៀវ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បានបំផ្លិចបំផ្លាញ ប្រទេសអ៊ុយក្រែន អស់ ប្រហែល ៤១១ពាន់លានដុល្លារអាមេរិក ហើយវាបានឆក់យកជីវិតជនស៊ីវិល និង ទាហានទាំងសងខាង អស់រាប់សែននាក់ ខណៈនៅតែមិនទាន់មានពន្លឺ ចរចាសន្ដិភាពនៅឡើយ៕

×