ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តកិច្ចព្រមព្រៀងស្តីពី​ពាណិជ្ជ​កម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម លើកកម្ពស់ជីវភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្តល់ការយល់ព្រមឱ្យស្នើសុំការអនុម័តពីស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ (រដ្ឋសភា) លើ​សេចក្តីព្រាងច្បាប់ ស្តីពី​កិច្ចព្រមព្រៀងពាណិជ្ជ​កម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម។

បើតាម លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព​អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាមនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម ÷

១- បង្កើតក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌអនុគ្រោះដល់ការ​ធ្វើពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ,

២- ធ្វើឱ្យប្រសើរឡើង​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ​រស់នៅតាម​ព្រំដែន​ នៃ​ប្រទេសទាំងពីរ,

៣- ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការ​អភិ​វឌ្ឍ​ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ,

៤- បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តរភាពសម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរ ព្រមទាំងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ជាពិសេសពង្រឹងពង្រីកតម្លាភាព តាមរយៈការផ្ដល់ឱ្យនូវព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម អំពី​ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្ម រួមមាន បទប្បញ្ញត្តិស្ដីពីនីតិវិ​ធី​ចូល-ចេញ​ព្រំដែន នីតិវិធីនាំចូល និងនាំចេញ បញ្ជីទំនិញហាមឃាត់នាំចេញ-នាំចូល ឬផ្អាក​បណ្ដោះ​អាសន្នពីការនាំចេញ-នាំចូល ពន្ធគយ កម្រៃសេវា និងបន្ទុកត្រូវបង់នានា និងព័ត៌មានផ្សេងទៀត។

កិច្ចព្រមព្រៀងនេះ អាចធ្វើវិសោធនកម្មបាន ដោយមានការឯកភាព​ជាឯកច្ឆន្ទ​ពី​ភាគី​ទាំងពីរ, រាល់វិវាទដែលកើតចេញពីការបកស្រាយ ឬការអនុវត្ត នឹងត្រូវដោះ​ស្រាយ​តាមរយៈការពិគ្រោះយោបល់ ឬការចរចារ។ ពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាមនេះ ត្រូវបានរំពឹងថា នឹងចូលរួម​ចំណែក​ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ក្នុងការបន្តពង្រឹងនូវការតភ្ជាប់​ផ្នែក​ធុរ​កិច្ច សំដៅ​លើកម្ពស់ការចាប់ដៃគូរពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខ​ទំនិញ​នាំចេញ តាមរយៈការផ្ដល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្ម​គ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់​ប្រជាជន​កម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលមិនត្រឹមតែធូរធារសុខសាន្តប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនសម្បូរបែបសប្បាយរុងរឿងទៀតផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម