ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតហ៊ុន ម៉ាណែត : ដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង

ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាលអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថ្លែងថា : សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា, ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងសីលធម៌ ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបន្តថា:តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ, កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញនូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។ ពេលនោះ យើងមិនមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើបត្រូវបានរំដោះចេញពីរបបប៉ុលពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត លើកឡើងបន្តថា : រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជាគ្រប់រូបៗត្រូវទទួលបានដូចៗគ្នា។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា: សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ។ ស្របពេលនឹងការគិតគូរបង្កើនថវិកាសម្រាប់វិស័យអប់រំដល់ទៅជាង ១១% ធៀបនឹងឆ្នាំ២០២២, រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ។

ចុងបញ្ចប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ។ ពិតណាស់ ភាពសុខសាន្តត្រាណដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍កន្លងមកហើយ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម