ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨ នៅបរិវេណវត្តបូទុមសុផារាម ហៅវត្តគយត្របែក ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥៥០អង្គ/នាក់ ។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមក្នុងឱកាសនោះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តបូទុមសុផារាម ហៅវត្តគយត្របែក នាថ្ងៃនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការសហការគ្នាយ៉ាងល្អប្រសើរ រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋ ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធ នៅក្នុងការចូលរួមលើកកម្ពស់ បរិស្ថានធម្មជាតិ ក៏ដូចជាលើកកម្ពស់សោភ័ណភាព ប្រកបដោយបរិយាកាសបរិសុទ្ធនៅក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាមផង ។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីគោលនយោបាយ និងកម្មវិធីកំណែទម្រង់ក្នុងវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រង ការការពារ និងអភិរក្សព្រៃឈើ ប្រកបដោយចីរភាព ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់ព្រៃឈើ និងអំពាវឲ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា តាមផ្លូវលំ ផ្លូវជាតិ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប តាមស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើ សំដៅធ្វើឲ្យមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀង កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ត្រូវបន្តបណ្ដុះកូនឈើ ជាពិសេសដើមឈើហូបផ្លែ និងដើមត្នោត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងពិនិត្យលទ្ធភាពជ្រើសរើសទីតាំងសមស្របណាមួយបង្កើតជាសួនដាំឈើក្នុងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទ ទុកជាប្រយោជន៍សម្រាប់យុវជនជំនាន់ក្រោយ ។
នៅចុងបញ្ចប់ គណៈអធិបតី ក៏បានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនអ្នកចូលរួម ផងដែរ ៕វ៉ៃកូ