រដ្ឋធានីមូស្គូ៖ បើតាមទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី បានរាយការណ៍ ថា ការបំផ្ទុះហាងកាហ្វេមួយកន្លែង ស្ថិតក្នុងទីក្រុងសាន់ផេធើរសប៊ឺគ (St Petersburg) បានសម្លាប់អ្នកសរសេរប្លុគគ័រយោធាដ៏មានឥទ្ធិពលមួយរូប ដែលមានអ្នកចូលហ្វូលឡូវើរ (Follower) រហូតដល់ ៥៦០ ០០០ និង មនុស្សចំនួន២៥នាក់ផ្សេងទៀត បានរងរបួស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ ថា បើតាមបណ្ដាញទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី ជាច្រើន បានដកស្រង់ប្រភពនានា យកមកអះអាង ជុំវិញបញ្ហាបំផ្ទុះហាងកាហ្វេមួយកន្លែង ថា លោក វ៉្លាដឡែន តាតាស្គី (Vladlen Tatarsky) អ្នកសរសេរប្លុគគ័រ (Blogger) យោធាដ៏ល្បីល្បាញរបស់រុស្ស៊ី បានស្លាប់ នៅក្នុងការបំផ្ទុះ នៅហាងកាហ្វេមួយកន្លែង នៅទីក្រុងសាន់ធើសប៊ឺគ (St Petersburg)។

លោក អាឡិកសាន់ដឺរ បែហ្គូវ (Alexander Beglov) ប្រធានតំបន់ សាន់ធើសប៊ឺគ បានឲ្យដឹង ថា ការបំផ្ទុះនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ នៅក្នុងហាងកាហ្វេ Street Food Bar No.1 cafe ដោយបានបណ្ដាលឲ្យមនុស្ស ចំនួន២៥នាក់រងរបួស ហើយក្នុងចំណោមពួកគេ មាន១៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ។
អ្នកសរសេរប្លុគគ័រដ៏ល្បីល្បាញ រូបនេះ ក្លាយជាអ្នកលេចធ្លោបំផុតម្នាក់ នៅក្នុងចំណោមអ្នកសរសេរប្លុគយោធាដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដោយបានផ្តល់ការអត្ថាធិប្បាយជាញឹកញាប់ អំពីសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ បណ្ដាញតេឡេក្រាមរបស់គាត់ មានអ្នកតាមដាន រហូតដល់ ៥៦០ ០០០។

លោក វ៉្លាដឡែន តាតាស្គី (Vladlen Tatarsky) អ្នកសរសេរប្លុគគ័រ (Blogger) យោធាដ៏ល្បីល្បាញរបស់រុស្ស៊ី រូបនេះ ក៏ស្ថិតក្នុងចំណោមអ្នកចូលរួមរាប់ពាន់នាក់ នៅក្នុងពិធីដ៏ធំមួយរបស់វិមានក្រឹមឡាំង ដែលបានប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី រួមមាន ដូណែតស្ក៍ (Donetsk) លូហានស្គ៍ (Luhansk) ខឺសុន (Kherson) និង ហ្សារីប៉ូរីហ្សា (Zaporizhzhia)។ សកម្មភាពរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២នោះ បានធ្វើឲ្យប្រទេស ភាគច្រើន នៅក្នុងអង្គការសហប្រជាជាតិ បានថ្កោលទោស ថា វាជាទង្វើខុសច្បាប់។

គេហទំព័រ St Petersburg បានបញ្ជាក់ ថា ការបំផ្ទុះនោះ បានកើតឡើង នៅក្នុងហាងកាហ្វេមួយ ត្រូវបានគេរាយការណ៍ ថា ជាកម្មសិទ្ធិរបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group ដែលកំពុងតែចូលរួមប្រយុទ្ធ ជាមួយនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ ប្រឆាំងនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅក្នុងប្រទេសរបស់អ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកសរសេរប្លុកយោធា ជាច្រើនរបស់រុស្ស៊ី បានអះអាង ថា លោក Tatarsky កំពុងតែជួបជាមួយសមាជិកសាធារណៈ ហើយថា ស្ត្រីម្នាក់បានបង្ហាញដល់គាត់ជាមួយនឹងប្រអប់មួយ មានរូបចម្លាក់ ដែលទំនងជាមូលហេតុ នាំឲ្យមានការបំផ្ទុះនេះ។ ក្រុមអ្នកស្នេហាជាតិរុស្ស៊ី ដែលបានរៀបចំព្រឹត្តិការណ៍នេះ បានបញ្ជាក់ ថា ពួកគេមានការប្រុងប្រយ័ត្នផ្នែកសន្តិសុខ ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ ដោយសារសកម្មភាពរបស់ពួកគេ បានបង្ហាញ ថា មិនមានសមត្ថភាពគ្រប់គ្រាន់»។
គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់រុស្ស៊ី បានបញ្ជាក់ ថា ខ្លួនបានបើកការស៊ើបអង្កេត លើករណីឃាតកម្មនេះ។ ប៉ុន្ដែគណៈកម្មាធិការមួយនេះ នៅមិនទាន់បានបញ្ជាក់ ថា អ្នកណាជាអ្នកទទួលខុសត្រូវនៅឡើយ។ ចំណែកក្រសួងមហាផ្ទៃរុស្ស៊ី បានបញ្ជាក់ ថា មនុស្សទាំងអស់ ខណៈមានការបំផ្ទុះនោះ ត្រូវឆែកឆេរ៕ រក្សាសិទ្ធដោយ ៖ សារាយSN










