រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីស្រាអែល និង អ៊ីរ៉ង់ ក្លាយជាអរិភាពនឹងគ្នា អស់រយៈពេលជាយូរមកហើយ ស្របពេលប្រទេសទាំង២នេះ តែងតែគំរាមកំហែង វាយប្រហារដាក់គ្នាទៅវិញទៅមក ប៉ុន្ដែឥឡូវនេះ មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ទីប្រឹក្សាយោធារបស់ក្រុងតេអ៊ីរ៉ង់ ថែមទៀតផង។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែមេសា ថា បណ្ដាញផ្សព្វផ្សាយរបស់អឺរ៉ង់ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថា សមាជិកទី២របស់កងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ដែលបម្រើការងារ ជាទីប្រឹក្សាយោធា នៅក្នុងប្រទេសស៊ីរី បានបាត់បង់ជីវិត ក្រោយការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល នៅជិតរដ្ឋធានីក្រុងដាម៉ាស(Damascus)។

កងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ត្រូវចេញផ្សាយ កាលពីថ្ងៃអាទិត្យ ថា លោក មេគដាដ មេហ្កានី ចាហ្វារ៉ាបាឌី (Meqdad Mehghani Jafarabadi) ជាសមាជិក កងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានរងរបួសធ្ងន់ធ្ងរ នៅក្នុងវាយប្រហារដ៏ឃោរឃៅ ពីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ហើយបានស្លាប់ កាលពីថ្ងៃអាទិត្យ។
អ៊ីស្រាអែល តែងតែវាយប្រហារ តាមអាកាស អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប្រឆាំងនឹងអ្វីដែលក្រុងជេរូសាឡឹម បានពណ៌នា ថា វាជាគោលដៅទាក់ទងនឹងអ៊ីរ៉ង់ ស្ថិតក្នុងប្រទេសស៊ីរី។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលក្រុងតេអ៊ីរ៉ង់ បានបង្កើនឥទ្ធិពល ចាប់តាំងពីអ៊ីរ៉ង់ បានចាប់ផ្តើម គាំទ្ររបបគ្រប់គ្រងរបស់ប្រធានាធិបតី លោក បាសា អាល់-អាសសាដ (Bashar al-Assad) នៅក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីឆ្នាំ២០១១ រហូតមក។

ក្រុងតេអ៊ីរ៉ង់ បានបញ្ជាក់ ថា ក្រុមមន្រ្ដីរបស់អ៊ីរ៉ង់ បម្រើការងារ នៅក្នុងតួនាទីជាប្រឹក្សា នៅស៊ីរី តាមការអញ្ជើញរបស់ក្រុងដាម៉ាស។ ចំណែកសមាជិកឆ្មាំបដិវត្តន៍ រាប់សិបនាក់ រួមទាំង ក្រុមមន្ត្រីជាន់ខ្ពស់ ត្រូវបានសម្លាប់ នៅក្នុងអំឡុងសង្គ្រាម នៅស៊ីរី។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី បានឲ្យដឹង ថា ការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រ សប្ដាហ៍មុន គឺជាការវាយប្រហារលើកទី៦ បង្កឡើងដោយអ៊ីស្រាអែល នៅក្នុងខែមីនា ដោយបានសម្លាប់មន្រ្ដីជាន់ខ្ពស់របស់ឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ និង ជាទីប្រឹក្សាយោធា លោក មីឡាដ ហាយដារី (Milad Haydari)៕ រក្សាសិទ្ធដោយ ៖ សារាយSN

















