Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹក ប្រឈមនឹងកូរ៉េខាងជើង

រដ្ឋធានីសេអ៊ូល៖ ជាមួយនឹងការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង មិនឈប់ឈរ គំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់នោះ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន បានចាប់ដៃគ្នា ធ្វើសមយុទ្ធយោធា ប្រឆាំងនឹងនាវាមុជទឹក។

សារព័ត៌មាន Malay Mail បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ ថា កងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន នឹងធ្វើសមយុទ្ធ ប្រឆាំងនឹងនាវាមុជទឹក ដើម្បីទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និង មីស៊ីលដែលកំពុងតែវិវឌ្ឍរបស់ប្រទេសកូរ៉េខាងជើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃចន្ទ នេះទៅ។

សមយុទ្ធនេះ នឹងធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ នៅក្បែរកោះជេជូ (Jeju) នាភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។ ចំណែកសកម្មភាពពាក់ព័ន្ធនឹងសមយុទ្ធនេះ មានការចូលរួមពីកងវាយប្រហាររបស់សហរដ្ឋអាមេរិក ដឹកនាំដោយ នាវាផ្ទុកយន្ដហោះ USS Nimitz (យូអេសអេស នីមីតហ្ស៍) ដែលបានមកដល់ទីក្រុងប៊ូសាន នាភាគអាគ្នេយ៍ កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

ការធ្វើសមយុទ្ធត្រីភាគី បានកើតឡើង ស្របពេលកូរ៉េខាងជើង កាលពីសប្តាហ៍មុន បានបង្ហាញនូវក្បាលគ្រាប់នុយក្លេអ៊ែរ មានទំហំតូចជាងមុន។ ក្រុងព្យុងយ៉ាង បានប្ដេជ្ញា នឹងផលិតសម្ភារនុយក្លេអ៊ែរ កម្រិតអាវុធបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន។ ទន្ទឹមគ្នានេះ កូរ៉េខាងជើង បានអួតអាង អំពីអ្វីដែលគេហៅថា ដ្រូនវាយប្រហារ ក្រោមទឹកមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ថែមទៀតផង។

ក្រសួងកូរ៉េខាងត្បូង បានបន្ថែម ថា សមយុទ្ធ នៅសប្តាហ៍នេះ នឹងប្រើប្រាស់គោលដៅហ្វឹកហ្វឺន ធ្វើសង្គ្រាម ប្រឆាំងនឹងនាវាមុជទឹកចល័ត ដើម្បីបង្កើននូវសមត្ថភាពចាំបាច់ ដើម្បីស្វែងរក តាមដាន និង បំផ្លាញនូវការគំរាមកំហែង ក្រោមទឹករបស់កូរ៉េខាងជើង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×