Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីជាន់ខ្ពស់អាមេរិក ថា សមរភូមិបាកមូតនៅតែបន្ដប្រយុទ្ធគ្នា ខណៈភាគីរុស្ស៊ីអះអាងថា គ្រប់គ្រងមួយផ្នែកធំ

រដ្ឋធានីកៀវ៖ ស្របពេលប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានអះអាង អំពីការគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) មួយផ្នែកធំ ដែលជាសមរភូមិដ៏ក្ដៅបំផុតអស់រយៈពេលជាច្រើនខែ នៅភាគខាងកើតប្រទេសអ៊ុយក្រែន រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងប្រដាប់អាវុធរបស់ក្រុងមូស្គូនោះមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក បានអះអាង ថា កងទ័ពរបស់អ៊ុយក្រែន មិនបានដកថយទាំងស្រុងចេញពីទីក្រុងនេះឡើយ ហើយការវាយប្រយុទ្ធកំពុងតែបន្ដយ៉ាងខ្លាំងក្លា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ថា លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីថ្ងៃចន្ទ ថា កងទ័ពអ៊ុយក្រែន មិនបានដកថយ ចេញពីទីក្រុងបាកមូតនោះទេ។ ជាមួយគ្នានេះ កញ្ចប់ជំនួយបន្ថែមថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ត្រូវគេរំពឹង ថា នឹងប្រកាស នៅសប្ដាហ៍នេះ។ ប៉ុន្ដែអ្នកនាំពាក្យរបស់សេតវិមាន រូបនេះ មិនបានបញ្ជាក់លម្អិតនោះឡើយ។

ការធ្វើអត្ថាធិប្បាយរបស់លោក ចន ឃើរប៊ី បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលអ៊ុយក្រែន បានបញ្ជាក់ ថា កម្លាំងទាហានរុស្ស៊ី មិនអាចដណ្ដើម កាន់កាប់ទីក្រុងបាកមូតបានទេ។ ចំណែកការវាយប្រយុទ្ធ បានផ្ទុះឡើងយ៉ាងខ្លាំង នៅជុំវិញអគាររដ្ឋបាលរបស់ទីក្រុងបាកមូត ជាកន្លែងដែលថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានអះអាង ថា ពួកគេ បានលើកទង់ជាតិរបស់រុស្ស៊ី នៅលើអគារដ្ឋបាលរបស់ទីក្រុង។

លោក ស៊ើរហ៊ីយ ចេរេវ៉ាទី (Serhiy Cherevatiy) អ្នកនាំពាក្យ ទីបញ្ជាការយោធភូមិភាគបូព៌ារបស់អ៊ុយក្រែន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters តាមទូរស័ព្ទ ថា ទីក្រុងបាកមូត នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយកម្លាំងទាហានរបស់រុស្ស៊ី នៅតែមិនអាចដណ្ដើម កាន់កាប់អ្វីបាននោះដែរ។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner ដែលដឹកនាំការប្រយុទ្ធ កាន់កាប់ទីក្រុងបាកមូត បានអះអាង កាលពីព្រឹក ថ្ងៃចន្ទ ថា ទាហានរបស់គាត់ បានដណ្ដើមកាន់កាប់ទីក្រុងមួយនេះ ហើយពួកគេបានលើកទង់ជាតិរបស់រុស្ស៊ី នៅលើអគាររដ្ឋបាលរបស់ទីក្រុងថែមទៀតផង។ ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ អំពីទាហានរបស់ខ្លួន កាន់កាប់ទីក្រុងបាកមូតទាំងស្រុងនោះដែរ។

ប្រជាជនអ៊ុយក្រែន មានប្រមាណ ៧០ ០០០នាក់ រស់នៅទីក្រុងបាកមូត នៅមុនពេលសង្គ្រាមផ្ទុះឡើង ហើយអ្នករស់នៅក្នុងទីក្រុងមួយនេះ បានរត់ភៀសខ្លួនចេញទៅកាន់តំបន់មានសុវត្ថិភាព ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅក្នុងឆ្នាំ២០២២។ ចំណែកការប្រយុទ្ធ ដើម្បីកាន់កាប់ទីក្រុងឧស្សាហកម្ម បាកមូត បានក្លាយជាសមរភូមិដ៏វែងបំផុត និង បង្ហូរឈាមដ៏ខ្លាំងក្លា សម្រាប់ការវាយលុករបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំមកនេះ ។

កងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា ដោយសារតែទីក្រុងបាកមូត ក្លាយជាសមរភូមិក្ដៅ ទើបធ្វើឲ្យប្រជាជន ត្រូវបង្ខំចិត្ត រត់ភៀសខ្លួន ទៅកាន់តំបន់ផ្សេងៗទៀត។ ប៉ុន្ដែបើតាមការប៉ាន់ប្រមាណ នាពេលនេះ មានប្រជាជន ប្រហែលត្រឹមតែ ចន្លោះពី១០០០ទៅ៥០០០នាក់ប៉ុណ្ណោះ នៅតែបន្ដរស់នៅទីក្រុងដ៏ខ្ទេចខ្ទំ ដោយសារការទម្លាក់គ្រាប់បែក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×