Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាល់ឡុងចារកម្ម បញ្ជូនទិន្នន័យទៅចិន តាមពេលវេលាជាក់ស្ដែង

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើការបាញ់ទម្លាក់បាល់ឡុងរបស់ចិន តាមអ្វីដែលប្រទេសមហាអំណាចលោកខាងលិច ចាត់ទុកជាការហោះឈ្លបយកការណ៍ បញ្ជូនទិន្នន័យទៅឲ្យក្រុងប៉េកាំង បានកន្លងទៅ អស់រយៈពេលប៉ុន្មានខែមកហើយយ៉ាងណាក្ដី ក៏ក្រុមមន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក នៅតែតាមដាន និង ពិនិត្យយ៉ាងល្អិតល្អន់បន្ដទៀត។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ថា បណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ ថា បាល់ឡុងរបស់ចិន ដែលបានហោះ នៅពីលើដែនអាកាសរបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ បានគ្រប់គ្រង ប្រមូលការស៊ើបការណ៍សម្ងាត់ ពីមូលដ្ឋានយោធានានារបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃ មុននឹងត្រូវបានបាញ់ទម្លាក់ ដោយយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-22 ។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក NBC News បានរាយការណ៍ ដោយដកស្រង់ប្រភព ពីក្រុមមន្រ្ដីសហរដ្ឋអាមេរិក អះអាង ថា បាល់ឡុងនោះ អាចបញ្ជូនទិន្នន័យ ទៅកាន់ក្រុងប៉េកាំង តាមពេលវេលាជាក់ស្ដែង។ បើទោះជាយ៉ាងណា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានបញ្ជាក់ អំពីសេចក្ដីរាយការណ៍នេះឡើយ។ ប៉ុន្ដែក្រុមមន្ត្រីអាមេរិក បានអះអាង ថា ពួកគេ បានគ្រប់គ្រងកម្រិតសមត្ថភាពប្រមូលព័ត៌មានស៊ើបការណ៍របស់បាល់ឡុងនោះ ខណៈហោះពីលើប្រទេសរបស់ខ្លួន។

លោកស្រី សាប្រ៊ីណា សិង្ហ (Sabrina Singh) អ្នកនាំពាក្យ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ការិយាល័យស៊ើបការណ៍សម្ងាត់របស់សហព័ន្ធន៍ ហៅកាត់ FBI នៅតែពិនិត្យមើលយ៉ាងល្អិតល្អន់ លើកម្ទេចកម្ទីរបស់បាល់ឡុងចិន ដែលត្រូវបានកងទ័ពសហរដ្ឋអាមេរិក បាញ់ទម្លាក់។

លោកស្រី អ្នកនាំពាក្យ រូបនេះ បានសង្កត់ធ្ងន់ ថា «យើងនៅតែវាយតម្លៃ លើអ្វីដែលជាការស៊ើបការណ៍សម្ងាត់ ត្រង់ថា ចិន អាចប្រមូលបានទិន្នន័យចារកម្ម។ ប៉ុន្តែយើងដឹងថា ជំហានដែលយើងបានធ្វើ នឹងផ្តល់តម្លៃបន្ថែមតិចតួច ដល់អ្វីដែលពួកគេអាចប្រមូលបាន ពីផ្កាយរណប កាលពីពេលមុន»។

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ពួកគេ បានតាមដានបាល់ឡុងមួយ ហោះពីលើរដ្ឋអាឡាស្កា និង ប្រទេសកាណាដា មុនពេលបាឡុងនោះ ហោះត្រឡប់មកវិញ ចូលដែនអាកាសរបស់សហរដ្ឋអាមេរិក នៅដើមខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែកការទទួលស្គាល់ជាសាធារណៈ ត្រង់ថា បាល់ឡុងមួយគ្រឿងនោះ បានហោះនៅលើទ្វីបអាមេរិក អស់រយៈពេលជាច្រើនថ្ងៃ ហើយត្រូវបានយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក បាញ់ទម្លាក់ នៅថ្ងៃទី៤ ខែកុម្ភៈ នៅឆ្នេរសមុទ្រ South Carolina ។ បន្ទាប់មក ក្រុមមន្រ្ដីអាមេរិកបានរកឃើញកម្ទេចកម្ទីបាល់ឡុងនោះ ខណៈចិន បានអះអាង ថា វាជាបាល់ឡុងស៊ីវិល សម្រាប់តាមដានអាកាសធាតុ។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ថា ចិន អាចគ្រប់គ្រងបាល់ឡុងនោះបាន ហើយបាល់ឡុងនោះ អាចហោះឆ្លងកាត់ ពីលើមូលដ្ឋានយោធាជាច្រើនដង។ ចំណែកឧបទ្ទវហេតុនេះ បានបង្កឱ្យមានជម្លោះការទូត រហូតធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប៊ីលនខេន (Antony Blinken បានសម្រេចចិត្ត លុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×