អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន កំពុងជជែកគ្នាថាតើអ្នកយកព័ត៌មានជនជាតិកូរ៉េខាងត្បូង ដែលត្រូវបានថើបដោយអ្នកគាំទ្រស្រីៗ ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក គឺជា «យាយីផ្លូវភេទ» ? ។
វីដេអូឃ្លីបបានបង្ហាញឲ្យឃើញលោក Jeon Gwang-ryeol ជាអ្នកយកព័ត៌មានទូរទស្សន៍ MBN (ឆានែលទូរទស្សន៍កូរ៉េខាងត្បូង) កំពុងរាយការណ៍ព័ត៌មានបន្តផ្ទាល់ នៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា ដែលត្រូវបានថើបថ្ពាល់២ដង ដោយនារីអ្នកគាំទ្រជនជាតិរុស្ស៊ីវ័យៗក្មេង២នាក់ ។
អ្នកយកព័ត៌មានប្រុសរូបនេះ បានព្យាយាមទប់សើចចំពោះការថើបនេះ ប៉ុន្តែ មើលទៅអាម៉ាស់ បន្ទាប់ពីហេតុការណ៍មួយបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកគាំទ្រដទៃទៀត ត្រូវបានគេរិះគន់ ចំពោះការព្យាយាមថើបអ្នកសារព័ត៌មានស្រីម្នាក់ ដែលកំពុងរាយការណ៍ព័ត៌មានបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍។
ការជជែកវែកញែកអំពីឧបទ្ទវហេតុនេះ បានលេចឡើងនៅ Weibo ដែលជាបណ្តាញសង្គមធំបំផុតរបស់ប្រទេសចិន ដោយក្នុងនោះអ្នកប្រើ Weibo បានសួរពីមូលហេតុដែលសកម្មភាពរបស់អ្នកគាំទ្រស្រីៗជនជាតិរុស្សីទាំងនេះ មិនត្រូវបានរិះគន់ដូចគ្នានឹងដៃគូប្រុសរបស់ពួកគេ ។
អ្នកប្រើម្នាក់របស់ Weibo បាននិយាយថា «វាគឺជាការផ្ទុយស្រឡះជាមួយនឹងព័ត៌មានមុន» ។ អ្នកដទៃទៀត ដែលខមិនរបស់គាត់ទទួលបានការ Like រាប់រយសួរថា «ហេតុអ្វីរឿងនេះមិនមែនជាការយារយីផ្លូវភេទ?» ។
ប៉ុន្តែ ម្នាក់បានសរសេរចំអកទៅវិញថា «ប្រសិនគាត់ជាមនុស្សមើលទៅល្អ នោះ «ការថើប» បែបនេះមិនត្រូវបានហៅថាយាយីផ្លូវភេទនោះទេ» ។
អ្នកដទៃទៀត «បានអំពាវនាវឲ្យមានសមភាពរវាងបុរស និងស្ត្រី» និងនិយាយថា ការឆ្លើយតបចំពោះឧបទ្ទវហេតុនេះបានបង្ហាញថា ភាពមិនស្មើគ្នានៅតែមាន ។ មនុស្សចំនួនទៀត ក៏មានបញ្ហាជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលបានប្រើពាក្យ «ស្រស់ស្អាត» នៅពេលសំដៅទៅលើស្ត្រី ។
ខណៈពេលដែលការថើប គឺជាប្រធានបទនៃការជជែកវែកញែកនៅក្នុងប្រទេសចិន តែវាបានបរាជ័យក្នុងការទាក់ទាញការយកចិត្តទុកដាក់ច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលមានតែ MBN និងប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធរបស់ខ្លួន គ្របដណ្តប់រឿងនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បណ្តាញសង្គម Twitter មួយរបស់កូរ៉េខាងត្បូង បានចូលរួមក្នុងកិច្ចពិភាក្សានេះដោយនិយាយថា «មិនថាភេទរបស់អ្នកយ៉ាងណាទេ អ្នកត្រូវបានគេបៀតបៀនផ្លូវភេទហើយ ។ អ្នកសារព័ត៌មាន MBN ម្នាក់នេះ បានទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រមូលព័ត៌មានទាន់ហេតុការណ៍ ពីការប្រកួត World Cup នេះ ហើយគាត់ត្រូវបានបៀតបៀនផ្លូវភេទដោយស្ត្រីពីរនាក់» ។
គួរបញ្ជាក់ថា មុននេះ អ្នកសារព័ត៌មានស្រី២នាក់ ខណៈកំពុងរាយការណ៍ព័ត៌មានបន្តផ្ទាល់ពីព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានបុរស២នាក់ ឆ្មក់ចូលចាប់ថើបផងដែរ ។ អ្នកទាំងពីរមិនពេញមិននឹងទង្វើនេះទេ ។
ចំពោះអ្នកសារព័ត៌មានស្រី៖ ទី១ឈ្មោះថា Juliet Gonzalez Thornton អ្នកយកព័ត៌មានអាជីពម្នាក់ជនជាតិកូឡុំប៊ី ប្រើការងារឲ្យសារព័ត៌មានទូរទស្សន៍ Deutsche Welle របស់អាល្លឺម៉ង់ ត្រូវបានបុរសម្នាក់ឆ្មក់ថើប ជាមួយដៃចាប់សុដន់ទៀតផង ខណៈនាងកំពុងរាយការណ៍ព័ត៌មាន ។
រីឯស្ត្រីម្នាក់ទៀតឈ្មោះ Brazilian Giulio Mares បុគ្គលិកនៃទូរទស្សន៍ព័ត៌មានប្រេស៊ីល Globo ក៏ត្រូវបានបុរសវ័យក្មេងម្នាក់ឆ្មក់ចូលថើបផងដែរ ខណៈនាងកំពុងឈររាយការណ៍ព័ត៌មាននៅក្នុងទីក្រុង Yakaterinburg ។ ប៉ុន្តែ នៅពេលនៃហេតុការណ៍នោះ នាងបានរារាំងសកម្មភាពរបស់បុរសនោះ ។ ប្រតិកម្មនឹងទង្វើអសិលធម៌នេះ ស្ត្រីអ្នកយកព័ត៌មាននេះបាននិយាយថា «កុំធ្វើបែបនេះម្តងទៀតៗ យល់ទេ!! វាពិតជាមិនសមរម្យទេណា! កុំធ្វើបែបនេះ!!» ៕ ចន្ទី