ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើនក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ ២០២៤ ជំរុញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើន វិស័យសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារ ADB នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានមានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា មានដំណើរការល្អ នៅឆ្នាំ២០២២ ដែលជំរុញដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ ហើយកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅ ឆ្នាំ២០២៣។»

ចំពោះសម្ពាធអតិផរណាកម្ពុជាវិញ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,០% ក្នុងឆ្នាំ ២០២៣ និង ៤,០% នៅឆ្នាំ ២០២៤។ របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់ របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្តានុពលកំណើនរយៈពេលវែង។

ADB បានព្យាករថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ត្រូវបានព្យាករថា នឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយ នៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។
វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ ពីកំណែទម្រង់ គោលនយោបាយ រួមទាំងច្បាប់វិនិយោគឆ្នាំ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។ ផលិតផលឧស្សាហកម្ម ត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។
ចំណែកកំណើនវិស័យសំណង់ ត្រូវបានរំពឹងថានឹងនៅតែយឺត ខណៈវិស័យកសិកម្ម ត្រូវបានព្យាករថា នឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះ នៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើម សម្រាប់វិស័យកសិកម្មផ្សេងទៀត។
លោកស្រី Jyotsana Varma បានបន្ថែមថា ហានិភ័យដែលអាចធ្វើឲ្យប្រែប្រួលទស្សនវិស័យនេះ រួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម។
ជាមួយនឹងភាពប្រសើរឡើង នៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរការមកដល់នៃភ្ញៀវអន្តរជាតិ បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដល់ប្រហែល ២,៣ លាននាក់ ក្នុងឆ្នាំ២០២២ ពីមូលដ្ឋានទាបប្រហែល ២០ម៉ឺន កាលពីឆ្នាំ ២០២១។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើង ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅ លើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើន អនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុកជាដើម៕