Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមខែមីនា ឆ្នាំ២០២៣ CDC ទទួលសំណើ សុំវិនិយោគពីឥណ្ឌូនេស៊ីចំនួន ២២គម្រោង ក្នុងទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ជាវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

សូមជម្រាបថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៣ មិនា។

ក្នុងឱកាសនោះ លោក M. Arsjad Rasjid P.M.បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកផ្តល់ការធ្វើ ពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា លើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ឯកឧត្តម សុខ ចិន្តាសោភា ក៏បានស្នើឲ្យគណប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី បន្តខិតខំធ្វើការងារបន្ថែមជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព វិបុលភាពរួម និងវឌ្ឍនភាពសង្គម ដើម្បីជាសារប្រយោជន៍ និងបំណងប្រាថ្នា នៃប្រជាជាតិអាស៊ានទាំងមូល។ ​អាស៊ាន បានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

បើតាមឯកឧត្តម សុខ ចិន្តាសោភា លោកបានបញ្ជាក់ថា មជ្ឈភាពអាស៊ានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ហើយការប្រកាន់យកនូវស្មារតី «ភាពរួបរួមគ្នា» ជួយឲ្យអាស៊ានអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន និងទទួលបាននូវសមិទ្ធផលរួមជាច្រើន។ ការរួបរួមគ្នានេះ ហើយនឹងជួយឲ្យមានការសម្រេចបាននូវ «សហគមន៍សេដ្ឋកិច្ចអាស៊ាន» (AEC) ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រាប់បញ្ចូល ទាំងការជំរុញការវិនិយោគ ក្នុងវិស័យបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព,សុខាភិបាល,សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ៕

×