Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដជាច្រើនគ្រឿង ទៅកាន់តំបន់បាស៊ីហ្វិក ចំពេលចិនបង្ហាញនាវាមុជទឹក

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលនាវាមុជទឹករបស់កងទ័ពរំដោះប្រជាជនចិន កំពុងតែបង្ហាញវត្ដមាន នៅក្នុងសមុទ្រចិននោះមក សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដជាច្រើនគ្រឿង រួមជាមួយនឹងកងទ័ពអាកាសជាច្រើននាក់ ទៅកាន់តំបន់ប៉ាស៊ីហ្វិក ហើយសកម្មភាពនេះ ហាក់បីដូចជា ប្រទេសមហាអំណាចកំពូលមួយនេះ កំពុងតែត្រៀមលក្ខណៈ ទប់ទល់នឹងសកម្មភាពណាមួយរបស់ក្រុងប៉េកាំង។

ទស្សនាវដ្ដី Air and Space Force បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ប្រភេទ B-52 ចំនួន៤គ្រឿង និង កងទ័ពអាកាស ជាង២០០នាក់ ចេញពីមូលដ្ឋានកងទ័ពអាកាសបាកស្ដេល (Barksdale) នៅភាគភាគពាយព្យ នៃរដ្ឋលូស៊ាណា (Louisiana) ស្ថិតនៅភាគអាគ្នេយ៍ សហរដ្ឋអាមេរិក បានមកដល់មូលដ្ឋានកងទ័ពអាកាសអានឌ័រសេន (Andersen) នៅកោះហ្គាំ (Guam) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣០ ខែមីនា។ សកម្មភាពយោធារបស់ប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា នាពេលនេះ កំពុងតែបង្ហាញសញ្ញា អំពីការចាប់ផ្តើមការដាក់ពង្រាយកងកម្លាំងទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដចុងក្រោយបង្អស់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានប្រកាស នៅក្នុងការចេញផ្សាយព័ត៌មានមួយ ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ B-52 អាចហោះហើរ នៅក្នុងចម្ងាយជាង ១៤ ០០០គីឡូម៉ែត្រ និង កងទ័ពអាកាសជា២០០នាក់នោះ នឹងក្លាយជាផ្នែកមួយ សម្រាប់ក្រុមបេសកកម្មយន្ដហោះទម្លាក់គ្រាប់បែកទី៩៦។ ជាមួយនឹងការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 នោះ កងទ័ពអាកាសទាំងនោះ នឹងចូលរួម នៅក្នុងហ្វឹកហ្វឺន និង បេសកកម្ម រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ក៏ដូចជា សម្ពន្ធមិត្ត និង ដៃគូផងដែរ។

លោកវរសេនីយ៍ វ៉ានេសសា វីលខក់ (Vanessa Wilcox) មេបញ្ជាការកងវរសេនាតូចយន្ដហោះទម្លាក់គ្រាប់បែកទី៩៦ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កងកម្លាំងការងារយន្ដហោះទម្លាក់គ្រាប់បែក ជាពិសេសយន្តហោះ B-52 នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនត្រឹមតែអនុញ្ញាតឱ្យកងកម្លាំងទ័ពអាកាសរបស់យើង ពង្រឹងជំនាញបច្ចេកទេស និង ប្រព័ន្ធអាវុធដ៏ទំនើបរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ញើសារដ៏សំខាន់មួយផងដែរ។ បេសកកម្មនេះ បង្ហាញ អំពីការបន្តត្រៀមខ្លួនជាប់ជានិច្ច និង ការប្តេជ្ញាចិត្តរបស់យើង សម្រាប់ការការពារដល់សម្ពន្ធមិត្តរបស់យើង នៅក្នុងតំបន់ ដើម្បីធានាឲ្យបាននូវសេរីភាព សម្រាប់ការធ្វើសកម្មភាព ទាំងនៅពេលបច្ចុប្បន្ន និង អនាគត ក៏ដូចជា ការធានានូវស្ថិរភាព នៅក្នុងតំបន់»។

ក្រុមយន្ដហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចាប់តាំងពីដើម ឆ្នាំ២០២៣ រហូតមក ជាពិសេស នៅជុំវិញឧបទ្វីបកូរ៉េ។ សកម្មភាពបែបនេះ ក៏ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់មន្ទីរបញ្ចកោណ នៅក្នុងការពង្រីកសមយុទ្ធយោធា និង ធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ដែលមានឈ្មោះជាផ្លូវការ «សាធារណរដ្ឋកូរ៉េ» ដើម្បីឆ្លើយតបទៅនឹងការបង្កើននូវការបាញ់មីស៊ីល ការបាញ់សាកល្បងកាំជ្រួចផ្លោង និង ការគំរាមកំហែង មកពីកូរ៉េខាងជើង។ ចំណែកកងយន្ដហោះទម្លាក់គ្រាប់បែក B-1 របស់សហរដ្ឋអាមេរិក ក៏បានហោះហើរជាមួយនឹងកងយន្ដហោះចម្បាំងរបស់កូរ៉េខាងត្បូង កាលពីដើមខែកុម្ភៈ ហើយកងយន្ដហោះទម្លាក់គ្រាប់បែក B-52 ក៏បានហោះហើរជាមួយនឹងកងយន្ដហោះរបស់ប្រទេសជាសម្ពន្ធមិត្តអាស៊ីបូព៌ាមួយនេះ កាលពីដើមខែមីនា ផងដែរ។

ក្រុមមន្រ្ដីយោធារបស់សហរដ្ឋអាមេរិក ធ្លាប់លើកឡើង កាលពីខែមីនា កន្លងទៅនេះ ថា មន្ទីរបញ្ចកោណ នឹងបញ្ជូនយន្ដហោះទំនើបៗ ចេញពីតំបន់មជ្ឈិមបូព៌ា ទៅដាក់ពង្រាយ នៅក្នុងតំបន់ប៉ាស៊ីហ្វិក និង តំបន់អឺរ៉ុប នៅក្នុងខែមេសា។ សកម្មភាពកងទ័ពរបស់សហរដ្ឋអាមេរិក គឺជាការត្រៀមខ្លួនទុកជាមុន សម្រាប់ការប្រឈមមុខណាមួយ ដែលអាចនឹងកើតឡើង ជាយថាហេតុ ជាមួយចិន និង រុស្ស៊ី។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ថា បើតាមរបាយការណ៍របស់មន្រ្ដីបញ្ចកោណ បានឲ្យដឹង ថា នេះជាលើកទី១ហើយ ដែលចិន រក្សាវត្ដមាននាវាមុជទឹក បំពាក់ដោយមីស៊ីលបាល្លីស្ទីកនុយក្លេអ៊ែរ យ៉ាងតិចចំនួន១គ្រឿង នៅក្នុងសមុទ្រ។ សកម្មភាពយោធារបស់ក្រុងប៉េកាំង កំពុងតែបន្ថែមសម្ពាធ មកលើសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ខណៈលោកខាងលិច ព្យាយាមទប់ទល់នឹងកម្លាំងយោធារបស់ក្រុងប៉េកាំង កំពុងតែកើនឡើងយ៉ាងខ្លាំង។

ក្រុមអ្នកវិភាគរបស់បស្ចិមលោក បានអះអាង ថា ការវាយតម្លៃយោធារបស់ចិន បានបង្ហាញ ថា កងនាវាមុជទឹក បំពាក់ដោយមីស៊ីលបាល្លីស្ទីក ប្រភេទ Jin-class ចំនួន៦គ្រឿង កំពុងតែប្រតិបត្តិការល្បាត ចេញពីកោះហៃណាន (Hainan) ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ នាវាមុជទឹកទាំងនោះ បំពាក់ទៅដោយមីស៊ីលផ្លោងថ្មី អាចបាញ់រយៈចម្ងាយឆ្ងាយ ហើយវាមានសមត្ថភាព អាចវាយប្រហារដល់ទ្វីបអាមេរិក។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានបង្កើតកតិកាសញ្ញាសន្ដិសុខត្រីភាគី ហៅកាត់ AUKUS (អូឃើស)។ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងមើលឃើញ ថា អូស្ត្រាលី នឹងមាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួន នៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ យ៉ាងណាក៏ដោយ ក៏ការល្បាត នៃនាវាមុជទឹករបស់ចិន បំពាក់ដោយមីស៊ីលផ្លោង នៅក្នុងសមុទ្រចិនខាងត្បូង សម្បូរទៅដោយធនធាន នឹងបង្កើតជាបញ្ហាស្មុគស្មាញដល់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន។ សកម្មភាពទាំងនេះ ប្រៀបបីដូចជា ការបង្កើននូវការដាក់ពង្រាយនូវទ្រព្យសម្បត្ដិការពារជាតិ តាមបែបសម័យសង្គ្រាមត្រជាក់។

លោកឧត្តមសេនីយ៍ អេនតូនី ខូតតុន (Anthony Cotton) មេបញ្ជាការ នៃទីបញ្ជាការយុទ្ធសាស្ត្រអាមេរិក បានប្រាប់ដល់សវនាការរបស់សភា កាលពីខែមីនា ថា បច្ចុប្បន្ន នាវាមុជទឹករបស់ចិន បានបំពាក់ ដោយមីស៊ីលជំនាន់ទី៣ ប្រភេទ JL-3។ មីស៊ីលប្រភេទនេះ អាចបាញ់ នៅក្នុងចម្ងាយ ១០ ០០០គីឡូម៉ែត្រ ហើយវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង អាចវាយប្រហារ ចេញពីចិន ទៅដល់សហរដ្ឋអាមេរិក ថែមទៀតផង។

លោក ធីមូធី រ៉ៃ (Timothy Wright) អ្នកវិភាគវិស័យការពារជាតិ នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្ដអន្ដរជាតិ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានបញ្ជាក់ ថា កងទ័ពអាមេរិក ប្រហែលជាអាចទប់ទល់នឹងស្ថានភាព នៅពេលនេះបាន។ ប៉ុន្តែសហរដ្ឋអាមេរិក នឹងត្រូវប្រតិបត្ដិការទ្រព្យសម្បត្តិការពារជាតិបន្ថែមទៀត នៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ខណៈនាវាមុទឹកបំបាំងកាយ ប្រភេទType-096 ចាប់ផ្តើមប្រតិបត្ដិការ។ ដោយឡែក ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងរហ័សរបស់ប្រទេសចិន មានន័យថា អ្នកយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវតែប្រឈមមុខ ជាមួយនឹងសត្រូវមហាអំណាចនុយក្លេអ៊ែរ ចំនួន២ជាលើកដំបូង រួមជាមួយនឹងរុស្ស៊ី ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×