អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅតុលាការក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែមេសា ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ខណៈរដ្ឋអាជ្ញាចោទប្រកាន់គាត់ពីបទបង់ប្រាក់ឱ្យស្ត្រីពីរនាក់ ដើម្បីការពារព័ត៌មានមិនអំណោយផលអំពីខ្លួនឯង។
បន្ទាប់ពីបានមកដល់ការិយាល័យអគ្គមេធាវី Manhattan លោក Alvin Bragg មិនយូរប៉ុន្មាន អតីតប្រធានាធិបតី ត្រាំ ត្រូវបានប៉ូលិសចាប់ខ្លួន ថតរូប ផ្ដិតមេដៃតាមនីតិវិធី។ ហើយបន្ទាប់នាំយកទៅកាត់ក្តីនៅក្នុងតុលាការ គាត់ក៏ត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះ នៅវេលាម៉ោង ២ និង ១៥ នាទីរសៀល (ម៉ោងក្នុងស្រុក)។ ប៉ុន្តែ បន្ទាប់សវនាការកាត់ទោសមានរយៈពេលប្រហែលមួយម៉ោង លោក Trump បានចាកចេញដោយមិនបានធ្វើសេចក្តីថ្លែងការណ៍ណាមួយឡើយ។
នៅក្នុងតុលាការ លោក ត្រាំ ត្រូវបានចោទប្រកាន់បទល្មើសសរុបចំនួន ៣៤ ករណី ដោយចោទប្រកាន់គាត់ និងអ្នកផ្សេងទៀត ពីបទបំពានច្បាប់បោះឆ្នោត ដោយព្យាយាមរារាំងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានអំពីគាត់ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦។ នៅតុរបស់ចុងចោទដែលស្លៀកពាក់ឈុតអាវខ្វាហ្សេខៀវងងឹត និងក្រវាត់កក្រហម លោក Trump អាយុ ៧៦ ឆ្នាំ មិនបានសារភាពចំពោះបទចោទប្រកាន់ណាមួយឡើយ។
ទោះជាយ៉ាងណា ចៅក្រមបានកំណត់សវនាការលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ។
មេធាវីរបស់អតីតប្រធានាធិបតី ត្រាំ បាននិយាយថា កូនក្តីរបស់ខ្លួននឹងត្រលប់ទៅផ្ទះរបស់គាត់នៅ Palm Beach រដ្ឋ Florida នៅល្ងាចនោះ ដើម្បីថ្លែងសុន្ទរកថាជាសាធារណៈ។ គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ ធ្លាប់បានប្តេជ្ញាបន្តឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤ ទោះបីជាត្រូវបានកាត់ទោសក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




