ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងក្នុងសារលិខិតនៃទិវាជាតិលេីកកម្ពស់ការប្រេីប្រាស់ផលិតផលខ្មែរ លេីកទី៦ នាយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយសម្ដេចបានអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន គឺស្មើនឹងជួយផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាទាំងឡាយ។

ជាមួយនឹងការអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតខ្មែរ គឺបង្កេីតការងារជូនពលរដ្ឋខ្មែរ» នេះ គឺសម្ដេចតេជោ ហ៊ុន សែន សំដៅលើការរួមស្មារតី រួមកម្លាំងសាមគ្គីគ្នា ទាំងការការពារជាតិ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌សន្តិភាព និងសេដ្ឋកិច្ច, និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ បន្តកិច្ចសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ។

ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិតផលិតផលសម្រាប់ខ្លួនឯងផង និងសម្រាប់ការនាំចេញផង ដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យសាកលភាវូបនីយកម្ម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើរំលឹកពេលវេលាប្រមាណសាមសិបឆ្នាំមុន រាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយដែលស្ថានភាពពេលនោះ គឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀត គឺប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុងក្រោមនយោបាយឈ្នះ ឈ្នះ ដែលនាំប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

សន្តិភាព និងការអភិវឌ្ឍ គឺជាចំណងទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្តាច់បាន។ ដូច្នេះ យើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហការគ្នាជំរុញល្បឿននៃការអភិវឌ្ឍ ដោយទាញយកសក្តានុពលនសន្តិភាពនេះឱ្យបានអស់លទ្ធភាព រួមទាំងការជ្រោមជ្រែងការផលិតផលិតផលខ្មែរ ជួយទិញ គាំទ្រ និងធ្វើឱ្យមានឧត្តមភាពទីផ្សារ ជាខឿនសេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN



















