រដ្ឋធានីវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ (Donald Trump) ក្លាយជាអតីតប្រធានាធិបតីទី១របស់សហរដ្ឋអាមេរិក ហ៊ុមព័ទ្ធទៅដោយការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ រហូតដល់៣៤ករណី ប៉ុន្ដែគាត់បានអះអាង នៅក្នុងសវនាការរបស់តុលាការក្រុងញូវយ៉ក ថា គាត់មិនមានទោសកំហុសនោះឡើយ។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានថ្លែងការពារខ្លួនរបស់គាត់ ជាសាធារណៈជាលើកដំបូង ចាប់តាំងពីគាត់បានរងនូវចោទប្រកាន់ អំពីការសូកលុយបំបិទមាត់ដល់តារាសិចមួយរូប ជុំវិញរឿងអាស្រូវផ្លូវភេទ។ ជាមួយគ្នានេះដែរ លោក ត្រាំ ក៏បានថ្កោលទោស ចំពោះការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ជាច្រើនករណី ប្រឆាំងនឹងរូបគាត់ គឺជាការប្រមាថមួយ មកលើសហរដ្ឋអាមេរិក។

តារាភាពយន្ដពេញវ័យ ដែលបង់ប្រាក់យឺតយ៉ាវ រហូតនាំឱ្យមានការចោទប្រកាន់ កាលពីថ្ងៃអង្គារ ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់ជិត ១២២ ០០០ដុល្លារ ដើម្បីរ៉ាប់រងថ្លៃ សម្រាប់ដំណើរការផ្លូវច្បាប់របស់លោក ត្រាំ ជុំវិញករណីបរិហារកេរ្តិ៍ ក្រោយការទទួលបរាជ័យ នៅក្នុងរឿងក្ដីក្ដាំមួយ កាលពីអំឡុងឆ្នាំ២០១៨ ប្រឆាំងនឹងលោក ត្រាំ។
តារាសិចស្រី ស្ដ័រមី ណាដៀលស៍ (Stormy Daniels) បានប្តឹងលោក ត្រាំ ក្រោយពេលគាត់បានអះអាង ថា តារាស្រ្ដីរូបនេះ បានប្រឌិតរឿងរ៉ាវមួយ ដែលថា នាងបានប្រាប់ អំពីបុរសម្នាក់បានគំរាមកំហែងនាង និង កូនរបស់នាង ប្រសិនបើនាង មិនព្រមចាកចេញពីលោក ត្រាំ។ ប៉ុន្ដែតារាស្រីរូបនេះ បានលើកឡើង ថា ករណីបណ្ដឹងនេះ ត្រូវបានប្តឹងឡើង ដោយមេធាវីរបស់នាង គឺលោក មីឆែល អាវែណាតធី (Michael Avenatti) ដោយមិនមានការអនុញ្ញាតពីនាង។ បច្ចុប្បន្ន លោកមេធាវី Avenatti កំពុងតែស្ថិតក្នុងពន្ធនាគាររបស់សហព័ន្ធន៍ ជុំវិញការក្លែងបន្លំពីកូនក្ដីរបស់គាត់។

តារាសិចស្រី ស្ដ័រមី ណាដៀលស៍ (Stormy Daniels) កាលពីខែមីនា ឆ្នាំ២០២២ ត្រូវបានតុលាការ បង្គាប់បញ្ជាឱ្យបង់ប្រាក់ប្រហែល ៣០០ ០០០ដុល្លារទៅឱ្យលោក ដូណាល់ ត្រាំសម្រាប់ថ្លៃសេវាផ្លូវច្បាប់ ដែលបានកើតឡើង នៅក្នុងអំឡុងពេលសំណុំរឿងរដ្ឋប្បវេណី ដូចគ្នាដែរ។
ដោយឡែក លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃអង្គការ ទៅកាន់អ្នកគាំទ្ររបស់គាត់ ក្រោយការចាកចេញពីទីក្រុងញូវយ៉ក ត្រឡប់ទៅកាន់ភូមិគ្រឹះរបស់គាត់ ស្ថិតក្នុងរដ្ឋ ហ្លរីដា (Florida) ថា «ខ្ញុំមិនដែលគិតទាល់តែសោះ ថា នឹងមានរឿងបែបនេះកើតឡើង នៅលើទឹកដីរបស់សហរដ្ឋអាមេរិក។ បទល្មើសព្រហ្មទណ្ឌតែមួយគត់ ដែលខ្ញុំ បានប្រព្រឹត្តនោះ គឺការការពារប្រទេសរបស់យើង ដោយគ្មានការភ័យខ្លាច ពីក្រុមមនុស្សចង់បំផ្លាញប្រទេសជាតិ…នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ មកលើប្រទេសជាតិរបស់យើង»។

លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ហើយក្លាយជាអតីតប្រធានាធិបតីលើកទី១ ហ៊ុមព័ទ្ធទៅដោយការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ នៅក្នុងប្រវតិ្តសាស្ត្ររបស់អាមេរិក។ អតីតប្រធានាធិបតីរូបនេះ បានចូលបង្ហាញខ្លួន នៅក្នុងតុលាការស្រុកមែនហាតថាន់ (Manhattan) ទីក្រុងញូវយ៉ក នៅមុនវេលាម៉ោង ២ និង៣០នាទីរសៀស ថ្ងៃអង្គារ ទី៤ ខែមេសា (វេលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ដើម្បីស្ដាប់ចៅក្រម អាននូវការចោទប្រកាន់ ប្រឆាំងនឹងរូបគាត់។
អតីតប្រធានាធិបតីរូបនេះ បានរងនូវការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ក្លែងបន្លំកំណត់ត្រាអាជីវកម្ម ចំនួន៣៤ករណី សម្រាប់ការបិទបាំងព័ត៌មានអវិជ្ជមាន និង សកម្មភាពខុសច្បាប់របស់គាត់ ពីអ្នកបោះឆ្នោតរបស់អាមេរិក នៅមុន និង នៅក្រោយការបោះឆ្នោតប្រធានាធិបតី នាអំឡុងឆ្នាំ២០១៦។

លោក អាល់វីន ប្រ៊េគ (Alvin Bragg) រដ្ឋអាជ្ញាស្រុក Manhattan ជាអ្នកកាន់សំណុំរឿងរបស់លោក ត្រាំ បានបញ្ជាក់ ថា លោក ត្រាំ បានបំបិទមាត់ ដោយការសូកលុយដល់តារាស្រី Stormy Daniels ចំនួន១៣០ ០០០ដុល្លារ ដើម្បីកុំឱ្យទម្លាយរឿងអាស្រូវផ្លូវភេទ រវាងនាង និង លោក ត្រាំ។ ដោយឡែក សវនាការនាពេលក្រោយ គ្រោងនឹងធ្វើឡើង នៅក្នុងទីក្រុងញូវយ៉ក នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សារាយSN




















