ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម SME នៅកម្ពុជា បានចុះបញ្ជីមានចំនួនកើនឡើងក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើង៤៣ ៩៧៤ ស្មើនិង ១,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

ក្រសួងឧស្សាហកម្ម បានបង្ហាញទៀតថា នៅក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ មូលដ្ឋានបង្កើតថ្មីមានចំនួន ៤ ៨៩១ មូលដ្ឋាន ដែលបានបង្កើតការងារចំនួន ៦៤ ៨៧៧ នាក់ និងបានផ្តល់វិញ្ញាបនបត្របន្តដំណើរការចំនួន ៣ ៤២៤ មូលដ្ឋាន។ ដូច្នេះ គិតមកដល់បច្ចុប្បន្ននេះ ចំនួនមូលដ្ឋានសរុបរួម ត្រឹមខែកញ្ញា ឆ្នាំ ២០២២ នេះមានចំនួន ៤៣ ៩៧៤ មូលដ្ឋាន និង ចំនួនពលកម្មសរុបរួមមាន ៤៤៤ ៥០៤ នាក់។

របាយការណ៍ បានបង្ហាញទៀតថា ការចុះបញ្ជី SMEs នឹងទទួលបានការគាំទ្រ ដូចជាហិរញ្ញវត្ថុ បច្ចេកវិទ្យា ទីផ្សារ និងផ្តល់ការពិគ្រោះអាជីវកម្ម ដើម្បីពង្រីកផលិតកម្ម អាជីវកម្ម របស់ពួកគេ។

ដោយឡែក ធនាគារ SME Bank បានផ្តល់ប្រាក់កម្ចីជាង ២00 លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម SME យ៉ាងហោចណាស់ចំនួន ២,៥០០សហគ្រាស ដើម្បីជួយពួកគេពង្រីកអាជីវកម្ម។

គួរបញ្ជាក់ថា ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត SME Bank ជាធនាគារពាណិជ្ជ ដោយមានគោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់ធនាគារ ដែលមានភាពស៊ីសង្វាក់គ្នាជាចម្បង ជាមួយនឹងគោលនយោបាយ ដែលកំណត់ដោយរដ្ឋាភិបាល ធានានូវប្រព័ន្ធធនាគារ ដែលអាចទុកចិត្តបាន និងនិរន្តរភាពសម្រាប់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា៕
