រដ្ឋធានីកៀវ៖ ស្របពេលប្រទេស នៅតំបន់អឺរ៉ុប ចំនួន២ បានបោះជំហានជាប្រវត្ដិសាស្រ្ដ ផ្ទេរយន្ដហោះចម្បាំង ចំនួន៥គ្រឿង នៅពេលនេះ ហើយមានផែនការបញ្ជូនយន្ដហោះចម្បាំង សរុប រហូតដល់៣៣គ្រឿង ទៅជួយដល់ក្រុងកៀវ នាពេលខាងមុខនោះ សហរដ្ឋអាមេរិក ក៏បានប្រកាស អំពីជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ២,៦ពាន់លានដុល្លារអាមេរិក ជួយដល់អ៊ុយក្រែន។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ថា លោក យូរី អ៊ីណាត (Yuriy Ihnat) អ្នកនាំពាក្យ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការផ្សាយ តាមកញ្ចក់ទូរទស្សន៍ Kyiv TV Channel ថា «ប៉ូឡូញ បានបោះជំហានជាប្រវត្ដិសាស្រ្ដលើកដំបូង ផ្ទេរយន្ដហោះចម្បាំងជាច្រើនគ្រឿង មកឲ្យអ៊ុយក្រែន។ រហូតមកដល់ពេលនេះ យើងមានកងពលតូចយន្ដហោះបែបនេះ ជាមួយនឹងយន្ដហោះចម្បាំង ប្រភេទ SU-27 (ស៊ូ-២៧) ចំនួន ២គ្រឿង និង MiG-29 (មីគ-២៩) ចំនួន៣គ្រឿង។ យន្ដហោះទាំងនេះ ជាប្រភេទ យន្ដហោះប្រយុទ្ធជំនាន់ទី៤ បានផលិតឡើង នៅក្នុងសម័យអតីតសហភាពសូវៀត។

ប៉ូឡូញ និង ស្លូវ៉ាគី មានគម្រោងផ្ដល់យន្ដហោះចម្បាំង ប្រភេទ MiG-29 ចំនួន៣៣គ្រឿង មកឲ្យអ៊ុយក្រែន។ នៅក្នុងចំណោមគម្រោងផ្ទេរយន្ដហោះចម្បាំងទាំងនោះ គឺអ៊ុយក្រែន អាចនឹងទទួលបានយន្ដហោះចំនួន២០គ្រឿង មកពីប៉ូឡូញ និង ១៣គ្រឿងផ្សេងទៀត មកពីស្លូវ៉ាគី។
ដោយឡែក ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញជាផ្លូវការនូវកញ្ចប់ជំនួយការពារជាតិថ្មី ទៅកាន់ប្រទេសអ៊ុយក្រែ។ កញ្ចប់ជំនួយថ្មីទាំងនេះ រាប់បញ្ចូលទាំងរថយន្ដយោធាដឹកជញ្ជូនធុនធ្ងន់ សម្ភារសឹក និង គ្រាប់រំសេវ ហើយនឹងត្រូវផ្ទេរជាបន្ទាន់ ដោយសារតែវាជាផ្នែកមួយនេះ នៃទំហំទឹកប្រាក់ ៥០០លានដុល្លារ ដែលប្រធានាធិបតីមានសិទ្ធិអំណាចផ្ទេរជាបន្ទាន់ ចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក។

ជំនួយទាំងនោះ ក៏រាប់បញ្ចូលទាំងគ្រាប់រំសេវ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS , ប្រព័ន្ធបាញ់ស្ទាក់ការពារដែនអាកាស, គ្រាប់កាំភ្លើងធំ, ប្រព័ន្ធប្រឆាំងនឹងរថពាសដែក, គ្រាប់កាំភ្លើងតូច, យានយន្ដសម្រាប់ដឹកជញ្ជូនធុនធ្ងន់ ក៏ដោយជាសម្ភារបច្ចេកទេសជាច្រើនទៀត…។ បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានប្រកាស អំពីកញ្ចប់ជំនួយការពារជាតិដ៏សំខាន់បន្ថែមទៀត មានទំហំទឹកប្រាក់ ២,១ពាន់លានដុល្លារ ក្រោមគំនិតផ្ដួចផ្ដើមជំនួយសន្ដិសុខអ៊ុយក្រែន (USAI) ដោយមានទាំងគ្រាប់កាំភ្លើងតូចធំរ៉ាប់លានគ្រាប់ សម្រាប់បំពេញតម្រូវការចាំបាច់របស់ក្រុងកៀវ៕ រក្សាសិទ្ធដោយ ៖ សារាយSN







































