បុរសវ័យក្មេងគ្មានសំណាងម្នាក់ នៅក្នុងប្រទេសចិន បានខូចចិត្តជាខ្លាំង បន្ទាប់ពីមិត្តស្រីរបស់ខ្លួនដែលបានសាងស្នេហ៍នឹងគ្នា ៣ ឆ្នាំ បានច្រានចោលជាមួយនឹងស្ទៃល៍សំណើសុំរៀបការមួយនេះរបស់គាត់ ។
បុរសរូបនេះមានឈ្មោះថា Dong អាយុ ២៤ ឆ្នាំ បានសម្រេចចិត្តធ្វើរឿងទាក់ទាញមួយ សម្រាប់ឆាកជីវិតរបស់គាត់ តាមរយៈការ «តម្លើង» រូបបេះ២បាញ់ព្រួយ១ ពីផ្លែគូលេន ស្ថិតនៅកណ្តាលស្ពានមមាញឹកមួយកន្លែង នៅក្នុង Xi’an ប្រទេសចិន ។
Dong បានចំណាយលុយ ២ពាន់យន់ (ប្រហែល ៣០០ ដុល្លារ) ទិញផ្លែគូលេនទាំងនេះ ដើម្បីបង្កើតសិល្បះទាក់ទាញ «រូបបេះដូងបាញ់ព្រួញ» នេះ រួមជាមួយពាក្យភាសាអង់គ្លេស «Love» ។
នៅពេលមិត្តស្រីអាយុ ២៣ ឆ្នាំ របស់គាត់មកដល់ គាត់បានលុតជង្គង់ភ្លាមៗ និងនិយាយថា៖ «សំណព្វចិត្តបង! បងពុំមានផ្ទះ, រថយន្ត ឬ លុយច្រើនទេ ប៉ុន្តែ បងមានតែសេចក្តីស្រលាញ់ពិតមួយនេះសម្រាប់អូន ។ បងអាចប្រើវាដើម្បីផ្តល់ជូនអូនប្រកបដោយសុភមង្គល ។ តើបងអាចរៀបការនឹងអូនបានទេ?» ។
ប៉ុន្តែ នារីរូបនេះ ហាក់មិនចាប់អារម្មណ៍ ហើយនាងទទួលយកផ្លែគូលេនញ៉ាំ ហើយនិយាយថា «អត់ទេ អ្នកជាមនុស្សល្ងង់ខ្លាំងណាស់» ។ បន្ទាប់ពីនិយាយប៉ុន្មានម៉ាត់យ៉ាងខ្លីនេះ នាងក៏បានចាកចេញពីកន្លែងកើតហេតុនេះតែម្តង ។
ទោះបីនាងបដិសេធយ៉ាងនេះក្តី តែ Dong នៅតែមានសុទិដិ្ឋនិយម ដោយគាត់និយាយថា «បេះដូងរបស់បងពិតជាជូរចត់ណាស់ ប៉ុន្តែ បងនឹងទទួលយកការវិលត្រឡប់របស់អូន ។ ពួកយើងទាំងពីរពិតជារួមរស់នឹងគ្នាមានន័យណាស់» ។
Dong ក៏បានប្រាប់ដល់អ្នកសារព័ត៌មាន ពីហេតុផលស្ថិតនៅពីក្រោយការបដិសេធរបស់នារីរូបនេះ គឺដោយសារពួកគេនៅក្មេងពេក ហេតុនេះពុំអាចរៀបការនឹងគ្នាបានទេ ៕ ចន្ទី